កោះកុង៖ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានបញ្ជាក់ថា ខេត្តកោះកុងមានកោះតូចធំសរុបចំនួន៣៥ ក្នុងនោះមាន ៩កោះដែលមានផ្កាថ្ម ហើយក្នុងចំណោមកោះទាំងអស់គឺមាន ១៧កោះត្រូវបានវិនិយោគដោយក្រុមហ៊ុនចំនួន៩។
បើតាមការបញ្ជាក់ពីលោកស្រីអភិបាលខេត្តកោះកុងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តកោះកុង» ដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រីនារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងចំណោមកោះដែលមានវត្តមាននៅក្នុងទឹកដីខេត្តកោះកុង គឺមានកោះចំនួន ១២កោះមិនទាន់មានឈ្មោះជាផ្លូវការនៅឡើយទេ ដោយកោះទាំងនោះត្រូវបានពលរដ្ឋដាក់ឈ្មោះហៅតាមតំបន់ដែលពួកគេរស់នៅ។
លោកស្រីបានប្រាប់ឱ្យដឹងថា កោះទាំង ១២នោះ គឺមានកោះខ្យង កោះចាក កោះយ៉ កោះប៉ោ កោះលយ កោះកាង កោះស្រឡៅ កោះកាពិ កោះអណ្តែត កោះមុំ កោះស្មាច់ និងកោះចាក។
លោកស្រីថ្លែងថា៖ «ចំពោះកោះ ១២ហ្នឹង អត់ទាន់បានតាំងឈ្មោះជាផ្លូវការទេ តែយើងមានឈ្មោះដែលអ្នកស្រុកហៅ។ កោះទំាងនេះ គឺហៅជាលក្ខណៈភូមិសាស្ត្រដែលប្រជាពលរដ្ឋហៅជាទូទៅតាមភូមិស្រុក»។
បើតាមលោកស្រី មិថុនា ភូថង ខេត្តកោះកុង គឺជាខេត្តដែលមានសក្តានុពលធនធានធម្មជាតិ ខាងផ្នែកទេសចរណ៍ និងអេកូទេសចរណ៍ មានព្រៃកោងកាង ទឹកធ្លាក់ តំបន់ឆ្នេរ តំបន់ផ្កាថ្ម និងតំបន់កោះ។ លោកស្រីបន្តថា បច្ចុប្បន្នខាងខេត្តកំពុងតែយកចិត្តទុកដាក់អភិវឌ្ឍលើវិស័យទេសចរណ៍ក្នុងខេត្តមួយនេះ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង លោក អ៉ី ម៉េងលាង បានធានាអះអាងថា ដំណាំកសិកម្ម និងម្ហូបអាហារគ្រឿងសមុទ្រក្នុងខេត្តកោះកុង គឺសុទ្ធតែជារបស់ធម្មជាតិដែលមានសម្បូរបែបសម្រាប់បំពេញតម្រូវការរបស់ភ្ញៀវទេសចរដែលមកកម្សាន្តលេងនៅទឹកដីខេត្តជាប់សមុទ្រមួយនេះ។
គូសបញ្ជាក់ថា ខេត្តកោះកុងមានឆ្នេរសមុទ្រប្រវែងចំនួន ២១៥គីឡូម៉ែត្រ នៃប្រវែងឆេ្នរសមុទ្រសរុបចំនួន ២៤០គីឡូម៉ែត្រ នៅទូទាំងប្រទេសកម្ពុជាដែលជាប់ជាសមាជិកក្លឹបឆេ្នរសមុទ្រស្អាតបំផុតនៅលើពិភពលោកដែលត្រូវបានប្រសិទ្ធិនាមថា «តារារះនៅទិសនរិតី» ដោយនោះក្នុង «ឆ្នេរសមុទ្រសាគរ» បានទទួលចំណាត់ថ្នាក់លេខ២ និងឆ្នេរចាំយាម ទទួលបានចំណាត់ថ្នាក់លេខ៣ នៃជ័យលាភីប្រឡងឆ្នេរសមុទ្រស្អាតខេត្តតំបន់មាត់សមុទ្រ៕