ភ្នំពេញ៖ នៅប៉ុន្មានថ្ងៃមកនេះថ្នាក់ដឹកជាន់ខ្ពស់នៃរដ្ឋសហព័ន្ធអាល្លឺម៉ង់បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ដែលជាសញ្ញាមួយគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចនិងជួបពិភាក្សាជាមួយអធិការបតីអាល្លឺម៉ងលោក Olaf Scholz កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។
នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ ប្រធានគណៈប្រតិភូក្រុមសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកអាស៊ាន លោកស្រី ហ្កាប្រីអែល កាតស្មារ៉ែក (Mrs. Gabriele KATZMAREK) បានចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាវិមានសន្ដិភាព រាជធានីភ្នំពេញ។
ក្នុងជំនួបនោះលោកស្រី ហ្កាប្រីអែល បានថ្លែងកោតសរសើរពីភាពជាអ្នកដឹកនាំកម្ពុជារបស់សម្ដេចតេជោ និងជំហរកម្ពុជាក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ លោកស្រី បញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនាពេលនេះគឺចង់ស្វែងរកកិច្ចសហប្រតិបត្តិការណ៍ជាមួយកម្ពុជា និងជំរុញពាណិជ្ជកម្មសេរីរវាងអឺរ៉ុបនិងអាស៊ាន។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺកម្ពុជាមានជំហរច្បាស់លាស់គឺរក្សាសណ្ឋាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់។ សម្ដេចបានស្វាគមន៍នូវគោលបំណងរបស់លោកស្រី ហ្កាប្រីអែល និងបានជម្រាបថាការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុបជាមួយអាស៊ាននោះចាំបាច់ណាស់ត្រូវមើលសហគមន៍អាស៊ានទាំងមូល។
ដំណើរទស្សនកិច្ចរបស់លោកស្រី ហ្កាប្រីអែល នៅកម្ពុជានាពេលនេះគឺជាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំអាល្លឺម៉ង់ទី២ហើយដែលមកកម្ពុជាបន្ទាប់ពីប្រធានាធិបតីលោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) បានបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ ប្រធានាធិបតីអាល្លឺម៉ង់មកកាន់កម្ពុជា ជាការបើកទំព័រមាសក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕
PHOTO: KOK KY