ភ្នំពេញ៖ កំលាំងផ្នែកយុត្តិធម៌ នៃអធិការនគរបាលខណ្ឌដូនពេញ បានសហការប៉ុស្ត៍រដ្ឋបាលចតុមុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ១នាក់ ពាក់ព័ន្ធករណី អំពើលួចគ្រឿងអលង្ការដែលមានតម្លៃសរុបជាង ៤ ៦៥០ដុល្លា ស្ថិតនៅចំណុច មុខផ្សារផេនសល់មាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
អធិការដ្ឋាននគរបាលខណ្ឌដូនពេញលោក ទៀង ច័ន្ទសារ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទី កម្លាំងផ្នែកយុត្តិធម៌ នៃអធិការនគរបាលខណ្ឌដូនពេញ សហការប៉ុស្តិ៍រដ្ឋបាលចតុមុខ បានធ្វើការឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវបេតុង ភូមិ៥ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបានដកហូតវត្ថុតាង លោហ:ធាតុពណ៍ទង់ដែង មានតម្លៃ ៤ ៦៥០ដុល្លារ ចំនួន ១ឈុត ទូរសព្ទ័ដៃម៉ាក Xaoml ពណ៌ខ្មៅ ចំនួន ១គ្រឿង និង នាឡិកាដៃម៉ាក MICHAEL KORS ពណ៌មាស ចំនួន ១គ្រឿង
តាមចម្លើយសារភាពរបស់ជនសង្ស័យថា ធ្លាប់បានប្រព្រឹត្តសកម្មភាពលួចវត្ថុមានតម្លៃជាច្រើនលើកមកហើយ សរុបជាទឹកប្រាក់ជាង ១ម៉ឺនដុល្លារ ខណៈបច្ចុប្បន្នត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
គួរឱ្យដឹងដែរថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ម្ចាស់ហាងគ្រឿងអលង្ការដែលត្រូវជនសង្ស័យខាងលើលួចនេះ បានបង្ហោះសារលើបណ្តាញសង្គមថា «សូមបងប្អូនតាមបណ្ដា Facebook ទាំងឡាយជួយចំណាំមុខម្នាក់នេះទុកផង គាត់ជាចោរដែលដើរបោកប្រាស់គេ ជាសំណាងខ្ញុំដែរចាប់ជាប់ភ្លាមៗ គ្រឿងអលង្ការជាខ្សែករ ៤ពាន់ដុល្លារជាង គាត់បានកុម៉្មង់រួច អោយអ្នកដឹក ដឹកទៅយករបស់រួចភ្លាម (គាត់បន្លំចុះឡើងៗ) រួចកាន់របស់និងរត់តែម្ដង បានអ្នកក្នុងផ្សារគេជួយចាប់ និងសន្តិសុខផ្សារពួកគាត់ជួយ អរគុណធំៗ គាត់ល្បិចសាហាវណាស់ និយាយសមគួរ គួរអោយទុកចិត្ត»។