កោះកុង៖ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានបញ្ជាក់ថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ដែលស្ថិតនៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុងបានសាងសង់រួចរាល់ ហើយត្រៀមដាក់ឱ្យដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៣នេះ។
លោកស្រី បានបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តកោះកុង» ដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រីនារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកស្រី បានថ្លែងដូច្នេះថា៖ «ព្រលានយន្ដហោះនៅតារាសាគរ ចំពោះនេះវឌ្ឍនភាពគឺសាងសង់បាន១០០ភាគរយហើយ ហើយក្រុមហ៊ុនបានកំណត់ (ហោះ) ពាក់កណ្តាលឆ្នាំ២០២៣ ដោយគាត់មិនពន្យាពេលទៀតទេ»។
គូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងអាកាសយានដ្ឋានរបស់ក្រុមហ៊ុនចិន Chinese Firm Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល សម្រាប់សាងសង់ព្រលានយន្ត ហោះនិងការអភិវឌ្ឍតំបន់ផ្សេងៗទៀត នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ក្បែរនឹងឈូងសមុទ្រថៃ។
ព្រលានយន្ដហោះតារាសាគរនេះ គឺសាងសង់លើផ្ទៃដីជាង២១៨ហិកតា ចំណាយទឹកប្រាក់ទំហំ២០០លានដុល្លារ មានសមត្ថភាពអាចទទួលការចុះចតយន្តហោះធុន Boeing777 និង Airbus340 ដែលជាប្រភេទយន្ដហោះខ្នាតធំ៕