ភ្នំពេញ៖ របាយការណ៍ចុងក្រោយដែលបានឱ្យដឹងពីអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានជនមានពិការភាពចំនួន ៨៧២ ៥២០នាក់ ដែលមានការកើនឡើងក្នុងពេលដែលកម្ពុជារួចផុតពីសង្គ្រាម និងបានរំដោះផ្ទៃដីមានមីនជាបន្តបន្ទាប់។
រដ្ឋលេខាក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានបញ្ជាក់ថាចំនួននេះស្មើនឹងជាង ៥% នៃប្រជាជនសរុប។ លោកបន្ថែមថាមានកត្តាមួយចំនួនដែលធ្វើឱ្យចំនួនជនពិការកើនឡើងនេះដោយសារ កត្តាគ្រោះថ្នាក់ចរាចរណ៍ ពិការដោយជំងឺ ជំងឺពីកំណើត អាវុធជាតិផ្ទុះ និងជំងឺចាស់ជរាផងដែរ។
លោកបន្ថែមថា៖ «ខ្ញុំសូមជម្រាបថាចំនួននៃការស្រាវជ្រាវស្ថិតិរបស់ក្រសួងផែនការ ការដែលបញ្ជាក់មកក្នុងឆ្នាំ២០២២នេះគឺចាប់ផ្ដើមធ្វើកម្រងសំណួរត្រឹមត្រូវក្នុងការយកនូវអត្រាជាក់ស្ដែងក្នុងព្រះរាជាណាក្រកម្ពុជារបស់យើង ដែលពីមុនគេយកតែអ្នកពិការភ្នែក ពិការដៃជើង គ-ថ្លង់ ប៉ុន្ដែសំណូរដែលចេញពីវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការគេមិនយកតែត្រឹមចំណុចប៉ុនហ្នឹងទេ គេយកតាមបទដ្ឋានអន្តរជាតិជាពិសេសរបស់វ៉ាស៊ីនតោន Group របស់គេ»។
លោកបន្ថែមថាជាមួយគ្នានេះសិស្សមានពិការភាពដែលកំពុងសិក្សាមានចំនួនជាង ៤ម៉ឺន៦ពាន់នាក់ និងជនមានពិការភាពដែលទទួលបានការងារនៅតាមក្រសួងស្ថាប័នរដ្ឋនិងឯកជនមានចំនួន ៩ ៥៨៧នាក់ (បម្រើការស្ថាប័នរដ្ឋមានចំនួន ៣ ៧៤៨នាក់ដែលស្មើនឹង២,០១%)។
លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានលើកឡើងថា ជនមានពិការភាពនៅកម្ពុជាទទួលបានការគាំទ្រគ្រប់ផ្នែករាប់ចាប់តាំងពីច្បាប់ ហេដ្ឋារចនាសម្ព័ន្ធគាំពារ និងការងារ។ លោកបានលើកទឹកចិត្តដល់ជនមានពិការភាពរៀនសូត្រចាប់យកជំនាញណាមួយឱ្យពិតប្រាដកដើម្បីសម្រួលដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេផងដែរ។
លោកថា៖ «ខ្ញុំសូមយកឱកាសនេះអំពាវនាវដល់បងប្អូនមានពិការភាពគឺឧស្សាហ៍អានសេចក្ដីជូនដំណឹងរបស់សហគ្រាសនានាដើម្បីឱ្យបងប្អូនដែលមានឱកាសក្នុងការចូលទៅស្វែងរកការងារឬក៏ដាក់ពាក្យចូលធ្វើការក្នុងវិស័យឯកជនឬរដ្ឋ»៕