សម្តេច ទៀ បាញ់ ផ្តល់អនុសាសន៍ដល់កងកម្លាំងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ដើម្បីក្លាយជាពុទ្ធិក្នុងការបំពេញបេសកកម្មឱ្យជោគជ័យ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក Joseph Scheuer អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព លោក សែម សុវណ្ណនី បានរៀបចំពិធីជូនដំណើរ និងផ្តល់អនុសាសន៍បន្ថែមទៀតដល់កងកម្លាំងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ដើម្បីក្លាយជាពុទ្ធិក្នុងការបំពេញបេសកកម្មឱ្យទទួលបានជោគជ័យ។
សម្តេចពិជ័យសេនាបានមានប្រសាន៍ថា នាពេលខាងមុខកងកម្លាំងនឹងក្លាយជាសមាជិកគ្រួសារមួយរបស់អង្គការសហប្រជាជាតិ ដែលបម្រើបុព្វហេតុរួមដ៏ថ្លៃថ្នូរបំផុត គឺសន្តិភាព និងមនុស្សធម៌ក្នុងលោក ហើយការលះបង់ ការបូជារបស់កងទ័ពនាពេលនេះ គឺជាការជួយសង្គ្រោះដល់ប្រជាជន ឬជាតិសាសន៍ដ៏ទៃ និងការចែករំលែកបទពិសោធន៍ដល់បណ្តាប្រទេសនានាដែលរងគ្រោះដោយជម្លោះគឺពិតជាមានមោទនភាព កោតសសើរ និងលើកទឹកចិត្ត។
សម្តេចពិជ័យសេនា បានបង្ហាញជំនឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាកុលបុត្រ កុលធីតាខ្មែរដ៏ឆ្នើម និងជានាយទាហាននៃកងយោធពលខេមរភូមិន្ទ ពិតជាខិតខំប្រឹងប្រែងបំពេញភារកិច្ចថ្មីជាប្រវត្តិសាស្ត្រនេះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត និងទទួលបានជោគជ័យជូនជាតិមាតុភូមិកម្ពុជា ជាក់ជាមិនខាន។
ជាមួយគ្នានេះដែរ លោក ចូសិហ្វ ស៊ូអើ (Joseph Scheuer) ថ្លែងថា ការចេញដំណើររបស់កងទ័ពមួកខៀវកម្ពុជាទៅបំពេញបេសកកម្មមនុស្សធម៌ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជា ក្នុងការលើកតម្កើងស្មារតីនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងចូលរួមជាមួយសហគមន៍ដ៏ពិតប្រាកដនៃប្រជាជាតិ រួបរួមគ្នាក្នុងការស្វែងរកសន្តិភាព និងអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សជាតិទាំងអស់។
គួរឱ្យដឹងដែរថា កងកម្លាំងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ចំនួន ៩៨នាក់ ក្នុងនោះមានស្ត្រីចំនួន ១០នាក់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចេញបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិលើកដំបូង នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ៕