ក្រុមហ៊ុនCIC ថាខ្លួនមិនបោកប្រាស់ទេតែជាការរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកលនិងកង្វះការត្រៀមខ្លួនរបស់ក្រុមហ៊ុន | តុលាការអាមេរិកសម្រេចឱ្យលោក គ្រី ម៉ះផល គ្មានទោសពីបទរត់ពន្ធសត្វស្វាក្តាមឡើយ | សម្តេចតេជោសង្ឃឹមថាដំណើរទស្សនកិច្ចប្រធានក្រុមហ៊ុន Maekjung Group នឹងជាឱកាសដល់ការវិនិយោគនៅកម្ពុជា | ក្រុមហ៊ុនកាសែតធំមួយនៅកូរ៉េខាងត្បូងអញ្ជើញសម្ដេចតេជោចូលរួមវេទិកា World Knowledge Forum |

រដ្ឋមន្រ្តីសាធារណការស្នើឱ្យភាគីថៃពន្លឿនការងារសាងសង់ច្រកព្រំដែនស្ទឹងបត់-បានណងអៀន

ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុលស្នើឱ្យភាគីថៃ ពន្លឿនការងារសាងសង់ស្ថានីយច្រកព្រំដែនអន្តរជាតិថ្មី ស្ទឹងបត់ ក្រុងប៉ោយប៉ែត និងច្រកព្រំដែនអន្តរជាតិ បានណងអៀន និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ សំដៅឈានទៅរកការបើកឱ្យដំណើរការជាផ្លូវការច្រកទ្វារអន្តរជាតិទ្វេរភាគីមួយនេះបាន នាពេលដ៏ខ្លីខាងមុខនេះ។

លោកស្នើបែបនេះក្នុងឱកាសជំនួបជាមួយ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជាលោក Cherdkiat ATTHAKOR ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ស៊ុន ចាន់ថុល លើកឡើងអំពី វឌ្ឍនភាពការងារសាងសង់ ស្ថានីយច្រកព្រំដែនអន្តរជាតិថ្មី ស្ទឹងបត់ ក្រុងប៉ោយប៉ែត និងច្រកព្រំដែនអន្តរជាតិ បានណងអៀន ស្រុកអារញ្ញប្រាថេត ដោយបញ្ជាក់ថា វឌ្ឍនភាពគម្រោងការងារនេះ គឺមានសន្ទុះទៅមុខដូចមានក្នុងផែនការ។

រដ្ឋមន្រ្តីរូបនេះរំពឹងទុកថាការបើកឲ្យដំណើរការនូវច្រកព្រំដែនអន្តរជាតិថ្មី សម្រាប់ការដឹកជញ្ជូនធុនធ្ងន់ ឆ្លងកាត់ព្រំដែនរវាងប្រទេសកម្ពុជា និងថៃមួយនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងកាត់បន្ថយការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានមួយចំណែកធំផងដែរ។

បន្ថែមពីនេះលោកបានលើកឡើងអំពីការពិនិត្យគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា ដើម្បីឈានទៅដល់ការបើកច្រកព្រំដែនអន្តរជាតិថ្មីមួយនេះរវាងប្រទេសកម្ពុជា-ថៃ នាពេលអនាគត ដើម្បីប្រែក្លាយខ្សែបន្ទាត់ព្រំដែនមួយនេះ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសមួយដូចច្រកអន្តរជាតិផ្សេងៗទៀតដែរ តាមរយៈដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងការដោះដូរទំនិញគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។

ជាមួយគ្នានេះដែរ លោកបានសំណូមពរឱ្យភាគីថៃ ពិនិត្យលទ្ធភាព ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលនៅសល់ត្រឹមតែមួយគីឡូម៉ែត្រទៀតប៉ុណ្ណោះ ដើម្បីភ្ជាប់មកផ្លូវជាតិលេខ៥៥ របស់កម្ពុជា។

ទេសរដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងសាធារណាការបានបញ្ជាក់ថា៖ «ការបើកច្រកព្រំដែនអន្តរជាតិថ្មីមួយនេះ ត្រូវបានរំពឹងថា នឹងជួយបង្កើនកិច្ចសហប្រតិបត្តិការទៅលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង ថែមមួយកំរិតទៀត និងបើកឱកាសឱ្យបានកាន់តែទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរ សម្តៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រទេសទាំងពីរផងដែរ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក