អ៊ីតាលី៖ ក្លិប AC Milan បានប្រកាសផ្លូវការ អំពីការចុះហត្ថលេខានាំយកកីឡាករខ្សែបម្រើ Brahim Diaz ពីក្លិបបាល់ទាត់ Real Madrid រយៈពេល ២រដូវកាល ក្នុងលក្ខខណ្ឌកិច្ចសន្យាខ្ចីជើង។
កិច្ចសន្យានេះមានន័យថា Brahim Diaz នឹងត្រូវបន្តរួមរស់ជាមួយ AC Milan សរុបរយៈពេល ៣រដូវកាល ក្រោយពីយុវជនវ័យ ២១ឆ្នាំរូបនេះ បានចំណាយពេលមួយរដូវកាលកន្លងទៅជាមួយក្លិបនៅ San Siro មួយនេះ ដោយស៊ុតបញ្ចូលទីបាន ៧គ្រាប់ឱ្យលោក Stefano Pioli នៅក្នុងការប្រកួតគ្រប់ព្រឹត្តិការណ៍ទាំងអស់។
AC Milan បានបញ្ជាក់ដែរថា Diaz ដែលពាក់អាវលេខ ២១ កាលពីរដូវកាលមុន នឹងត្រូវទទួលអាវលេខ ១០ ក្នុងរដូវកាលថ្មីនេះ បន្ទាប់ពីកីឡាករ Hakan Calhanoglu បានចាកចេញទៅចូលរួមជាមួយក្លិបគូប្រជែង Inter Milan ដោយគ្មានតម្លៃខ្លួនកាលពីខែមុន។
គួររំឮកថា Brahim Diaz បានផ្ទេរពីក្លិប Manchester City មកកាន់ក្លិប Real Madrid នៅឆ្នាំ ២០១៩ ដោយបង្ហាញខ្លួនបាន ៦ប្រកួតក្នុងរដូវកាលនោះ ដែលក្លិប Real Madrid ឈ្នះជើងឯក La Liga។ ដោយឡែក សម្រាប់ការប្រជែងរដូវកាលថ្មីនេះវិញ AC Milan ដែលបញ្ចប់រដូវកាលមុនបានត្រឹមជើងឯករង Serie A នឹងត្រូវជួបជាមួយក្រុម Sampdoria នៅថ្ងៃទី២២ ខែសីហាខាងមុខនេះ៕