ភ្នំពេញ៖ នាយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវេលាម៉ោង ១០:០០នាទីយប់ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ២កន្លែងផ្សេងគ្នា នៅក្នុងខណ្ឌដង្កោ និង មួយករណីទៀតក្នុងខណ្ឌច្បារអំពៅ។
នាយកដ្ឋានពន្លត់អគ្គិភ័យពន្លត់អគ្គិភ័យបានឱ្យដឹងថា ករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុច ផ្ទះលេខ ២៨A ផ្លូវ៣៧១ ក្រុម១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ម្ចាស់ទីតាំងប្រកបរបរលក់ដូរ ។
ហេតុការណ៍ឆាបឆេះនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ ក្នុងនោះបានបណ្តាលឲ្យឆាបឆេះ ជាន់ទី១ ព្រមទាំងខូចខាតសម្ភារៈប្រើប្រាស់អស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយនៅវេលាម៉ោង ១១ អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង។
ករណីទី២ នៅវេលាម៉ោង ៩:៥០នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ដដែល ក៏មានករណីអគ្គិភ័យមួយកន្លែងទៀតដែរ នៅចំណុចផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលម្ចាស់ទីតាំងមានមុខរបរលក់គ្រឿងបន្លាស់ ខណៈអគ្គិភ័យកើតឡើងមកពីការឆ្លងចរន្តអគ្គីសនីបណ្តាលឱ្យឆាបឆេះសម្ភារៈប្រើប្រាស់អស់ទាំងស្រុង និងមិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។
គួរឱ្យដឹងដែរថា ករណីអគ្គិភ័យទាំង២ខាងលើនេះពុំបណ្តាលឱ្យមានមនុស្សរងរបួស ឬ ស្លាប់នោះទេ៕