ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាមានមោទនភាពក្នុងការបង្ហាញបរទេសពីកិច្ចការអភិវឌ្ឍន៍វិស័យពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងថា កម្ពុជាបានទទួលជោគជ័យជាច្រើនក្នុងកិច្ចគាំពារដល់ជនមានពិការភាពដែលមានមោទនភាពក្នុងការបង្ហាញទៅកាន់បរទេសអំពីកិច្ចការដែលសម្រេចបាននេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការរៀបចំសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ លោក ឯម ច័ន្ទមករា បានឱ្យដឹងថា កម្ពុជាទទួលបានសមិទ្ធផលការងារជាច្រើនលើវិស័យពិការភាពដោយក្នុងនោះមានការរៀបចំការគាំទ្រផ្នែកច្បាប់ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការកំណត់ការរៀបចំអាគារគាំទ្រដល់ជនមានពិការភាព ការជួយដល់ជនមានពិការភាពក្នុងពេលមានការផ្ទុះឡើង និងក្រោយពេលនៃជំងឺកូវីដ-១៩ ការបង្កើតសាលាបណ្ដុះបណ្ដាលអប់រំពិសេស និងការជំរុញការចូលរួមក្នុងសិល្បះនិងកីឡាជាដើម។

លោកថា៖ «ក្នុងការរៀបចំសន្នីសីទអន្តរជាតិលើកទី៥នេះ គឺកម្ពុជារបស់យើងមានមោទនភាពណាស់ ដើម្បីបង្ហាញទៅដល់បណ្ដាប្រទេសនានាដែលនឹងត្រូវចូលរួមក្នុងវេទិការនេះគឺដោយសារតែយើងមានទទួលបាននូវលទ្ធផលច្រើនតាំងពីក្រោយច្បាប់ស្ដីពីកិច្ចគាំពារ និងលើកកម្ពស់ជនពិការដែលបានអនុវត្តតាំងពីឆ្នាំ២០០៩ រហូតមកដល់ឆ្នាំ២០២៣នេះ គឺយើងទទួលបាននូវសមិទ្ធផលជាច្រើន»។

លោកអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការក៏បានឱ្យដឹងបន្ថែមផងដែរថាបច្ចុប្បន្នកម្ពុជាមានជនមានពិការភាពប្រមាណ ៨៧ម៉ឺននាក់។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែមីនា ឆ្នាំ២០២៣ ដោយមានការប្រកាសបើកកម្មវិធីដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមក្នុងកម្មវិធីនេះប្រមាណជា ៧០០នាក់។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក សែម សុខា បានថ្លែងថា នេះជាកិត្តិយសរបស់កម្ពុជាដែលត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទអន្តរជាតិដ៏ធំនេះ និងបានបញ្ជាក់ថា ប្រធានបទរួមនៃសន្និសីទ ៣ថ្ងៃនេះគឺ «ការពង្រឹងភាពអង់អាចផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ជនមានពិការភាពក្នុងអំឡុងពេលនិងក្រោយការរាតត្បាតជំងឺកូវីដ-១៩ តាមរយៈការអភិវឌ្ឍតាមបែបបរិយាប័ន្ននៅថ្នាក់សហគមន៍ (CBID)» ដោយផ្ដោតលើកការពង្រឹងកិច្ចសហការ និងភាពជាដៃគូរ ការលើកស្ទួយសុខុមាលភាពសង្គម និងគាំពារសម្រាប់ជនមានពិការភាព លើកកម្ពស់ការចូលរួមដោយគ្មានការរើសអើងសម្រាប់ជនមានពិការភាព និងការអនុវត្តល្អក្នុងកម្មវិធី CBID ក្នុងអំឡុង និងក្រោយជំងឺកូវីដ-១៩។

ក្រៅពីមានសន្និសីទកម្ពុជាក៏នឹងរៀបចំឱ្យប្រតិភូជាតិនិងបរទេសបានពិនិត្យដោយផ្ទាល់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលសម្រួលដល់ជនមានពិការនៅក្នុងរាជធានីភ្នំពេញ និងទស្សនាវិមានឈ្នះឈ្នះ រួមទាំងពហុកីឡាដ្ឋានមរតកតេជោដែលសម្រាប់រៀបចំការប្រកួតកីឡា Asean Para Game នៅទីនោះផងដែរ។

លោក ឯម ច័ន្ទមករា បានបញ្ជាក់ថាការនាំប្រតិភូទៅទស្សនកិច្ចនៅតំបន់ទាំងនេះគឺមិនត្រឹមតែបង្ហាញនូវវឌ្ឍនភាពនៃកិច្ចគាំពារជនមានពិការភាពប៉ុណ្ណោះទេ វានឹងជួយផ្សព្វផ្សាយពីកម្ពុជាទៅកាន់អន្តរជាតិផងដែរ។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត បានថ្លែងដោយរំពឹងថា សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ដែលកម្ពុជារៀបចំនេះនឹងចូលរួមលើកកម្ពស់ដល់សេចក្ដីថ្លៃថ្នូរនិងសិទ្ធរបស់ជនមានពិការភាព និងបង្កើតឱកាសទំនាក់ទំនងរវាងជនមានពិការភារកម្ពុជានិងជនមានពិការភាពនៅក្រៅប្រទេសកាន់តែប្រសើរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក