ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កូរ៉េសន្យាផ្តល់កូតា សម្រាប់ពលករកម្ពុជាជាង ១ម៉ឺននាក់ក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ ភាគីកូរ៉េខាងត្បូងបានសន្យាផ្តល់កូតាសម្រាប់ពលករកម្ពុជាជាង ១ម៉ឺននាក់ ក្នុងឆ្នាំ២០២៣ ហើយនឹងកាន់តែច្រើនបន្ថែមទៀតនៅឆ្នាំបន្តបន្ទាប់ទៀត។

កូរ៉េផ្តល់កូតាសម្រាប់ពលករខ្មែរតាមរយៈគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (MTOSB) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងធ្វើការជ្រើសរើសពលករកម្ពុជា ដែលមានសមត្ថភាព និងឧស្សាហ៍ព្យាយាមក្នុងការបំពេញការងារជូនដល់និយោជកកូរ៉េ ឱ្យកាន់តែមានផលិតភាពខ្ពស់។

កូរ៉េសន្យាផ្តល់កូតាសម្រាប់ពលករកម្ពុជា នៅក្នុងកិច្ចពិភាក្សាអំពីវិធីសាស្រ្តក្នុងការជ្រើសរើស ទទួលពលករឱ្យបានឆាប់រហ័ស និងស្វែងយល់អំពីគម្រោងធ្វើសមាហរណកម្មពលករកម្ពុជាក្រោយពេលត្រឡប់មកមាតុភូមិវិញ រវាងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង និងប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ លោក UH SOOBONG កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

កូរ៉េបង្កើនកូតាដល់ពលករខ្មែរនេះ ក្រោយពីកូរ៉េបានវាយតម្លៃឃើញថា ពលករកម្ពុជាមានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់នឹងការងារ ធ្វើឱ្យនិយោជកកូរ៉េ ស្រលាញ់ពេញចិត្តជាខ្លាំង។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានលើកឡើងថា ទោះបីស្ថិតក្នុងដំណាក់កាលកូវីដ-១៩ កូរ៉េនៅតែបន្តជ្រើសរើសពលករកម្ពុជាទៅបម្រើការងារនៅកូរ៉េ ជាមួយនឹងការមើលថែទាំ និងគាំពារពលករកម្ពុជាបានយ៉ាងល្អទៀតផង។

លោកសង្កេតឃើញថា ពលករខ្មែរមួយចំនួនដែលបានវិលត្រឡប់មកកម្ពុជាវិញ ពួកគេមានវឌ្ឍនភាព និងមានការប្រែប្រួលសេដ្ឋកិច្ចជីវភាពយ៉ាងខ្លាំង ដោយអ្នកខ្លះប្រែក្លាយជាសហគ្រិនភាព និងជាអ្នកវិនិយោគដ៏ល្បីល្បាញ។

ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា ភាគីកូរ៉េនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលករបរទេស ដែលចប់អាណត្តិការងារនៅកូរ៉េ ដោយក្នុងនោះកម្ពុជាអាចនឹងក្លាយជាប្រទេសអាទិភាពដែលទទួលបានពីគម្រោងថ្មីនេះ ដោយគម្រោងនេះមានគោលដៅផ្តល់ប្រាក់កម្ចីជួយដល់ពលករ ដើម្បីអាចបើកអាជីវកម្មមួយបានសមរម្យ និងមានប្រាក់ចំណូលបានយ៉ាងប្រសើរ។

លោករដ្ឋមន្ត្រីក្រសួងការងារ ពេញចិត្តនឹងគម្រោង ដែលភាគីកូរ៉េជួយបណ្តុះបណ្តាលជំនាញដល់ពលករបរទេសដែលចប់អាណត្តិការងារនៅកូរ៉េ ទទួលបានការបណ្តុះបណ្តាលជំនាញដ៏ជាក់លាក់មួយ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ លោករដ្ឋមន្ត្រី ចង់ឱ្យពលករកម្ពុជា ស្ថិតក្នុងអាទិភាពខ្ពស់មួយ ក្នុងចំណោមប្រទេសដទៃទៀត ដែលកូរ៉េគិតថា នឹងធ្វើការជ្រើសរើស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក