ហៃទី៖ នាយករដ្ឋមន្រ្តីស្តីទី លោក Claude Joseph ដែលកាន់តំណែង និងមើលការខុសត្រូវមួយរយៈខ្លី អំឡុងពេលដែលរដ្ឋាភិបាលនៅទំនេរគ្មានក្បាលម៉ាស៊ីនដឹកនាំ បានចុះចេញពីតំណែងបណ្តោះអាសន្ននេះហើយ ក្រោយពីរដ្ឋាភិបាលថ្មីរបស់ហៃទីត្រូវបានបង្កើតឡើង ដោយលោក Ariel Henry នឹងត្រូវមកកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់ប្រទេសហៃទី។ នេះបើយោងតាមការឱ្យដឹងពីប្រភពផ្លូវការនៃរដ្ឋាភិបាលហៃទី នៅថ្ងៃទី១៩ ខែកក្កដាម្សិលមិញនេះ។
ប្រធានាធិបតី Jovenel Moise ត្រូវបានគេធ្វើឃាត កាលពីថ្ងៃទី០៧ ខែកក្កដាកន្លងទៅ ដោយឃាតករបានចូលទៅបាញ់សម្លាប់លោកនៅឯគេហដ្ឋានផ្ទាល់ក្នុងតំបន់ Port-au-Prince។ រដ្ឋាភិបាលថ្មីដឹកនាំដោយនាយករដ្ឋមន្រ្តី Ariel Henry ដែលបង្កើតឡើងនៅពេលនេះ ពុំមានប្រធានាធិបតីឡើយ ប៉ុន្តែយ៉ាងណាមិញ រដ្ឋាភិបាលថ្មីនេះនឹងព្យាយាមរៀបចំឱ្យមានការបោះឆ្នោតសកលមួយលឿនបំផុតតាមដែលអាចធ្វើទៅបាននាពេលខាងមុខ។ ប្រភពដដែលបានបញ្ជាក់ថា លោក Claude Joseph ដែលកាន់តំណែងជានាយករដ្ឋមន្រ្តីស្តីទី នឹងមកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសដដែលក្នុងរដ្ឋាភិបាលថ្មី។
គួរឱ្យដឹងដែរថា លោក Jovenel Moise បានដឹកនាំប្រទេសហៃទី កាលពីឆ្នាំ២០១៨ ដោយអនុក្រឹត្យតែងតាំង ក្រោយការបោះឆ្នោតសកលជាប់គាំងមិនអាចរៀបចំបាន ក្រោយមានបញ្ហាជម្លោះផ្ទៃក្នុង ស្របពេលអាណ្ណត្តិរបស់រដ្ឋាភិបាលចាស់បានផុតអាយុកាល។ ក្រោយមក ការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងប្រធានាធិបតីនៅតែមិនអាចរៀបចំបាន ដោយលើកឡើងចំនួនពីរលើក ក្រោយពីប្រទេសហៃទីបានជាប់គាំងដោយសារការរាតត្បាតពីវីរុសកូវីដ-១៩៕
នាយករដ្ឋមន្រ្តីស្តីទី លោក Claude Joseph
នាយករដ្ឋមន្រ្តីថ្មី លោក Ariel Henry