សហរដ្ឋអាមេរិក៖ ឧត្តមសេនីយ៍អាមេរិកម្នាក់បានថ្លែងថា លំហដែនអាកាសបច្ចុប្បន្នបានចាប់ផ្តើមប្រែប្រួលស្ថានភាពដើមហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការប្រកួតប្រជែងសព្វាវុធផ្នែកអាកាស ខណៈឧត្តមសេនីយ៍ខាងលើនេះដដែលបានចង្អុលទៅកាន់ចិនថាជាអ្នកប្រណាំងប្រជែងលើដែនអាកាសដ៏ខ្លាំងក្លាបំផុត និងរុស្សីស្ថិតក្នុងលំដាប់បន្ទាប់។
លោកឧត្តមសេនីយ៍ Bradley Chance Saltzman ដែលជាប្រធានផ្នែកប្រតិបត្តិការអវកាសអាមេរិក បានប្រាប់ក្រុមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថា អាមេរិកកំពុងមើលឃើញអាវុធចម្រុះត្រូវបានផលិតដោយដៃគូប្រកួតប្រជែងយុទ្ធសាស្ត្ររបស់យើង។ ការប្រកួតប្រជែងដ៏គ្រោះថ្នាក់បំផុតនាពេលនេះគឺចិន បន្ទាប់មកគឺរុស្សី។ ក្នុងនោះលោកក៏ផ្តោតការចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យាមួយចំនួនដូចជា កាំជ្រួចប្រឆាំងផ្កាយរណប និងប្រព័ន្ធតាមចាប់ស្ទាក់គន្លងផ្កាយរណបជាដើម។
នាយឧត្តមសេនីយ៍ដដែលបានបញ្ជាក់ថា៖ "យើងត្រូវតែទទួលយកចំពោះការពិតដែលថាលំហអាកាសជាដែនប្រកួតប្រជែងបានផ្លាស់ប្តូរជាមូលដ្ឋាន។ ដែលថាវាបានផ្លាស់ប្តូរនេះត្បិតអាវុធសំខាន់របស់ចិន និងរុស្សីត្រូវបានដាក់ឱ្យដំណើរការសាកល្បង រួមទាំងសព្វាវុធមួយចំនួនបានដំណើរការជាផ្លូវការរួចហើយដែរ"។
គួរបញ្ជាក់ថា ពាក្យសំដីខាងលើនេះត្រូវបានអ្នកតាមដានស្ថានការណ៍អន្តរជាតិយល់ឃើញថាជាការបន្ថែមទម្ងន់កាន់តែខ្លាំងទៅលើទំនាក់ទំនងដែលកំពុងតានតឹងរវាងចិន និងសហរដ្ឋអាមេរិក បន្ទាប់ពីជំនួបសំខាន់មួយរវាងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានជួបជជែកក្នុងជំនួបដាច់ដោយឡែកមួយនៅក្នុងសន្និសីទស្តីពីសន្តិសុខនៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ ជុំវិញបាឡុងចិនដែលហោះលើដែនអាកាសអាមេរិក។
លោក Blinken បានព្រមានលោក Wang ថាប្រទេសចិនមិនគួរឱ្យកើតមាននូវទង្វើដែលគ្មានការទទួលខុសត្រូវបែបនេះម្តងទៀតឡើយ ខណៈដែលលោក Wang បានឆ្លើយតបវិញថា ប្រតិកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ដែលបានបាញ់ទម្លាក់បាឡុងនេះបានធ្វើឱ្យខូចខាត និងប៉ះពាល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕