សម្តេចតេជោណែនាំឱ្យគ្រប់ខេត្តទាំងអស់រក្សាអនាម័យ សណ្តាប់ធ្នាប់ឱ្យល្អត្រៀមទទួលភ្ញៀវក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យគ្រប់ខេត្តទាំងអស់ ត្រូវរួមគ្នារក្សាអនាម័យ សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ ដើម្បីទទួលកីឡាករ និងភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ។
សម្តេចតេជោមានប្រសាសន៍ឱ្យដឹងថា មិនត្រឹមតែនៅភ្នំពេញ កំពត កែប ព្រះសីហនុ និងខេត្តសៀមរាបប៉ុណ្ណោះទេ តែក្នុងទូទាំងប្រទេសត្រូវប្រើវេលានៃយុទ្ធនាការដែលនៅសល់ឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះនេះ ត្រូវបង្កើនគុណភាពអនាម័យដើម្បីទទួលកីឡាករនិងអ្នកគាំទ្រ។
សម្តេចមានប្រសាសន៍ថា៖ «ខ្ញុំគិតថាមិនគ្រាន់តែបណ្តាទីក្រុងនៃការប្រកួតដែលមានភ្នំពេញ កំពត កែប ព្រះសីហនុ និង ខេត្តសៀមរាបប៉ុណ្ណោះទេ ក៏ប៉ុន្តែទូទាំងប្រទេសគួរតែត្រូវអនាម័យឱ្យបានល្អ ព្រោះពេលវេលានោះជាពេលវេលាមកដល់មិនគ្រាន់តែកីឡាករទេ អ្នកគាំទ្រ ហើយអ្នកគាំទ្រនោះគេអាចទៅទស្សនាកិច្ចនៅតាមខេត្តនានាក្រៅពីកន្លែងប្រកួត»។
គួរឱ្យដឹងដែរថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្និបាត OCIC រាជធានីភ្នំពេញ៕
PHOTO: ហ៊ុន យុទ្ធគុណ