អ៊ុយក្រែន៖ លោកប្រធានាធិបតី Volodymyr Zelenskyy នាថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈម្សិលមិញនេះបានលើកសរសើរពីក្រុមការងារផ្នែកជួសជុល និងរៀបចំការចែកចាយថាមពល ដោយបាននិយាយថា ប្រជាជនអ៊ុយក្រែនភាគច្រើននៅតែមានប្រភពថាមពលអគ្គិសនីប្រើប្រាស់ បើទោះបីជាមានការវាយប្រហាររបស់រុស្ស៊ីធំៗជាបន្តបន្ទាប់លើម៉ាស៊ីនផលិតថាមពលអគ្គិសនីធំៗរបស់ខ្លួនក៏ដោយ។
គួរឱ្យដឹងថា ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារម្តងហើយម្តងទៀតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប៉ុន្មានខែថ្មីៗចុងក្រោយនេះ ដែលបានបណ្តាលឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ រួមទាំងប្រព័ន្ធកំដៅ រួមទាំងការផ្គត់ផ្គង់ទឹកស្អាតផងដែរ។
តាមរយៈសារជាវីដេអូមួយ លោក Zelenskyy និយាយថា៖ "ស្ទើរគ្រប់តំបន់ទាំងអស់របស់យើងនៅមានថាមពលប្រើប្រាស់ ប្រជាជនយើងទាំងអស់នៅមានថាមពលអគ្គិសនីប្រើប្រាស់បាន"។ ដោយបានលើកសរសើរពីក្រុមការងារផ្នែកប្រភពថាមពល លោក Zelenskyy បន្តថា៖ "នេះគឺជាការបញ្ជាក់មួយផ្សេងទៀតអំពីភាពធន់របស់ប្រជាជនយើង និងភាពរឹងមាំរបស់អ៊ុយក្រែន ការងារដ៏ធំដែលនិងកំពុងត្រូវបានធ្វើដោយមនុស្សជាច្រើនចូលរួម"៕