ស៊ីរី៖ មានការវាយប្រហារផ្លូវអាកាសមួយពីធ្វើឡើងពីសំណាក់ប្រទេសអ៉ីស្រាអែលមានគោលដៅទៅលើអគារស្នាក់នៅរបស់ពលរដ្ឋនៅកណ្តាលទីក្រុង ដាម៉ាកាស់ (Damascus) នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ។ នេះបើយោងតាមសារព័ត៌រដ្ឋស៊ីរីបានចុះផ្សាយ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី (SANA) ដែលដកស្រង់ប្រភពីក្នុងបញ្ជាការប៉ូលិសក្រុង Damascus បានរាយការណ៍ថា ការវាយប្រហារនេះពិតជាបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសពិតមែន ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនប្រាកដជាក់លាក់ឡើយ។ សំឡេងផ្ទុះដ៏កក្រើកមួយបានកើតមានឡើងនៅទូទាំងរដ្ឋធានីនាវេលាម៉ោងប្រហែល ១២៖៣០នាទីរំលងអធ្រាត្រ (ម៉ោងក្នុងស្រុក) ខណៈភ្នាក់ងារសារព័ត៌មាន SANA បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរីកំពុងប្រឈមនឹងអរិភាពពាសពេញផ្ទៃអាកាសនៃទីក្រុង Damascus។
យ៉ាងណាមិញ មិនមានសេចក្តីថ្លែងការណ៍ភ្លាមៗពីប្រទេសអ៉ីស្រាអែលអំពីការវាយប្រហារនោះទេ។ ការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល ជារឿយៗតែងតែមានការសំដៅទៅលើទីតាំងនានាក្នុងតំបន់ជុំវិញទីក្រុង Damascus។ ការវាយប្រហារកាលពីយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យនេះ គឺជាលើកទីមួយចាប់តាំងពីមានការបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីកម្រិត ៧.៨រិចទ័រដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរីកាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅ ខណៈការវាយប្រហារផ្លូវអាកាសដោយម៉ីស៊ីលរបស់អ៉ីស្រាអែលមកលើស៊ីរីចុងក្រោយបង្អស់កើតមានឡើងតាំងពីថ្ងៃទី០២ ខែមករា ដែលមានគោលដៅលើអាកាសយានដ្ឋានអន្តរជាតិស៊ីរី។
ការវាយប្រហាររបស់អ៉ីស្រាអែលកើតឡើងចំពេលដែលសង្រ្គាមស្រមោលកាន់តែធំរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់។ ការវាយប្រហារលើអាកាសយានដ្ឋានក្នុងទីក្រុង Damascus និងទីក្រុង Aleppo គឺហួសពីការភ័យខ្លាចថាទីតាំងទាំងនេះត្រូវបានប្រើប្រាស់ដើម្បីបំភាន់អាវុធរបស់អ៉ីរ៉ង់ចូលទៅក្នុងប្រទេសស៊ីរី៕