អេស្ប៉ាញ៖ ការប្រកួតវគ្គ Play-Off នៃក្របខណ្ឌ UEFA Europa League រវាងក្រុមអេស្ប៉ាញ Barcelona និងក្រុមអង់គ្លេស Manchester United បានស្រូបទាញយកអ្នកគាំទ្រទស្សនាផ្ទាល់បំបែកកំណត់ត្រានៃក្របខណ្ឌ UEFA Europa League ពោលគឺមានអ្នកគាំទ្រទៅទស្សនាផ្ទាល់នៅកីឡដ្ឋាន Camp Nou រហូតដល់ ៩០,២៥៥នាក់។
ការប្រកួតដែលក្រុម Barcelona វាយបកពីក្រោយ និងតាមស្មើ Manchester United ២-២ នាជើងទី១នេះ មានចំនួនអ្នកទស្សនាផ្ទាល់ច្រើនបំផុត រហូតបំបែកកំណត់ត្រាចាស់ដែលកាន់កាប់ដោយក្លិប Tottenham Hotspur ទទួលស្វាគមន៍ក្រុមប៊ែលហ្សិក Gent នៅក្នុងការប្រកួត Europa League កាលពីខែកុម្ភៈ ឆ្នាំ២០១៧ នាកីឡដ្ឋានជាតិ Wembley របស់អង់គ្លេស ដែលមានអ្នកទស្សនាផ្ទាល់ចំនួន ៨០,៤៦៥នាក់។
Barcelona បច្ចុប្បន្នក៏ជាក្លិបដែលកាន់កាប់កំណត់ត្រាមានអ្នកទស្សនាផ្ទាល់នៅក្នុងកីឡដ្ឋានច្រើនជាងគេបង្អស់ក្នុងក្របខណ្ឌ Champions League ផងដែរ ពោលគឺមានអ្នកទស្សនាផ្ទាល់រហូតដល់ ១១៥,៥០០នាក់ ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ឆ្នាំ១៩៩៥ ជួបជាមួយក្រុមបារាំង Paris Saint-Germain។
កាលពីរដូវកាល ២០២១-២០២២ កន្លងទៅ Barcelona ក៏ធ្លាប់ធ្វើបានកំណត់ត្រាមានអ្នកទស្សនាផ្ទាល់នៅកីឡដ្ឋានច្រើនជាងគេបង្អស់ផងដែរសម្រាប់បាល់ទាត់ស្រ្តី ពោលគឺមានទស្សនិកជនទស្សនាផ្ទាល់នៅកីឡដ្ឋាន Camp Nou ចំនួន ៩១,៦៤៨នាក់ ក្នុងជំនួបដែលក្រុមស្រ្តី Barcelona បំបាក់ក្រុមស្រ្តី VfL Wolfsburg ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានសម្រាប់បាល់ទាត់ស្រ្តីទាំងក្នុងការប្រកួតក្នុងកម្រិតក្លិប ឬការប្រកួតកម្រិតអន្តរជាតិ៕