អង់គ្លេស៖ មហាសេដ្ឋី Sheikh Jassim Bin Hamad Al Thani ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្រ្តីកាតា នៅយប់ថ្ងៃសុក្រម្សិលមិញនេះបានដាក់សំណើក្នុងការទិញយកក្លិបបិសាចក្រហម Manchester United ដែលក្លិបនេះត្រូវបានម្ចាស់ជាមហាសេដ្ឋីអាមេរិកត្រកូល Glazer ប្រកាសដាក់លក់ជាផ្លូវការកាលពីចុងឆ្នាំមុន។
ប្រសិនបើវាអាចកើតមានឡើងមែន កិច្ចព្រមព្រៀងទិញ-លក់ក្លិបបាល់ទាត់អង់គ្លេសមួយនេះនឹងក្លាយជាការលក់ដែលមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តជំនួញផ្នែកកីឡា ដោយផ្អែកតាមការចុះផ្សាយពីសារព័ត៌មានកីឡាធំៗបានឱ្យដឹងថា ម្ចាស់ក្លិបបច្ចុប្បន្នមានបំណងចង់លក់ក្លិបនេះក្នុងតម្លៃប្រមាណ ៧ពាន់លានផោន ឬស្មើនឹងជាង ៨,៤ពាន់លានដុល្លារអាមេរិក។
ផ្អែកតាមទិន្នន័យពីក្រុមស្រាវជ្រាវផ្នែកទីផ្សារ Kantar ម្ចាស់ជើងឯក ២០សម័យនៃក្របខណ្ឌ Premier League មួយនេះមានអ្នកគាំទ្រប្រមាណជា ៦៥០លាននាក់ជុំវិញពិភពលោក។ គួរឱ្យដឹងថា លោក Sheikh Jassim ជាកូនប្រុសរបស់លោក Sheikh Hamad bin Jassim bin Jaber Al Thani ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា លោកគឺជាអ្នកមានបំផុតមួយរូបនៅក្នុងតំបន់ឈូងសមុទ្រអារ៉ាប់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយអ្នកនាំពាក្យរបស់លោក Sheikh Jassim ផ្ទាល់បានបញ្ជាក់ថា៖ "ការដេញថ្លៃនេះនឹងមិនមានពាក់ព័ន្ធនឹងបំណុលណាមួយឡើយ ហើយដោយធ្វើឡើងតាមរយៈមូលនិធិ Nine Two Foundation របស់លោក Sheikh Jassim ដែលនឹងធ្វើការវិនិយោគទាំងលើក្លិបធំ មជ្ឈមណ្ឌលហ្វឹកហាត់ កីឡដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធទាំងមូល"។
មែនទែនទៅ! ការដេញថ្លៃពីមហាសេដ្ឋីអារ៉ាប់រូបនេះមិនមែនជាលើកដំបូងឡើយ ពោលគឺកន្លងមកភាគីខាងលើបានដាក់សំណើជាច្រើនដងមកកាន់ក្លិប Manchester United ខណៈដែលការដាក់សំណើចុងក្រោយបង្អស់ធ្វើឡើងនៅថ្ងៃសុក្រ ខណៈមានការដេញថ្លៃមួយចំនួនក៏បានធ្វើឡើងពីសំណាក់ប្រភពពីប្រទេសអារ៉ាប៊ីសាអូឌីត។ កន្លងមក ការផ្ទេរយកថ្លៃជាងគេបំផុតគឺការផ្ទេរយកក្លិប Chelsea ក្នុងទំហំទឹកប្រាក់ប្រមាណ ៥,៨ពាន់លានផោន ដែលរួមទាំងបំណុល និងការវិនិយោគមួយចំនួនផង៕