ឈីលី៖ អាជ្ញាធរសុខាភិបាលឈីលីបានរកឃើញករណីដំបូងនៃជំងឺផ្តាសាយបក្សីដែលបង្កជំងឺខ្លាំង (HPAI) នៅក្នុងថនិកសត្វសមុទ្រ បន្ទាប់ពីគេប្រទះឃើញសត្វតោសមុទ្រទម្ងន់ប្រមាណ ២៥០គីឡូក្រាម ជាប់គាំងនៅលើឆ្នេរភាគខាងជើងប្រទេសដោយមានប្រទះឃើញមានបញ្ហាផ្លូវដង្ហើម។
ទីភ្នាក់ងារជលផល និងវារីវប្បកម្មឈីលីបាននិយាយនៅថ្ងៃសុក្រម្សិលមិញនេះថា "នេះគឺជាករណីដំបូងនៃថនិកសត្វសមុទ្រដែលរងផលប៉ះពាល់ដោយវីរុសនេះនៅក្នុងប្រទេសឈីលី"។ ភ្នាក់ងារដដែលនេះបានកត់សម្គាល់ថា កន្លងមកករណីវីរុសផ្តាសាយបក្សីដែលកើតឡើងលើសត្វតោសមុទ្រក៏ធ្លាប់ត្រូវបានគេរកឃើញនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសប៉េរូផងដែរ។ ដោយឡែក នៅប្រទេសឈីលី ករណីមួយផ្សេងទៀតក៏ត្រូវបានគេរកឃើញនៅក្នុងសត្វភេនឃ្វីនទៀតផង។
ទីភ្នាក់ងារជលផល និងវារីវប្បកម្មឈីលី ហៅកាត់ថា Sernapesca ក៏បានបញ្ជាក់ពីវត្តមាននៃវីរុសបំប្លែងខ្លួននៃប្រភេទផ្តាសាយបក្សីដែលត្រូវបានរកឃើញរួចហើយនៅក្នុងសត្វស្លាបព្រៃនៅក្នុងតំបន់អភិរក្សជាតិចំនួន១១ ហើយក៏មានវត្តមាននៅក្នុងប្រទេសជាច្រើនដូចជា អេក្វាឌ័រ, ប៉េរូ, កូឡុំប៊ី, វេណេហ្សូអេឡា, អាហ្សង់ទីន, អ៊ុយរូហ្គាយ និងក្នុងចំណោមបណ្តាប្រទេសដទៃមួយចំនួនទៀត។
គួរបញ្ជាក់ថា ជំងឺគ្រុនផ្តាសាយបក្សី គឺជាជំងឺមេរោគឆ្លងដែលប៉ះពាល់ដល់សត្វស្លាបក្នុងស្រុក និងសត្វព្រៃ ដោយគ្មានការព្យាបាលច្បាស់លាស់។ វាត្រូវបានរកឃើញម្តងម្កាលនៅក្នុងករណីដាច់ស្រយាលនៅក្នុងថនិកសត្វ និងមនុស្ស ទោះបីជាហានិភ័យសម្រាប់មនុស្សមានកម្រិតទាបក៏ដោយ។ ជាធម្មតាកន្លងមកកសិដ្ឋានដែលរកឃើញថាមានផ្ទុះឡើងនូវវីរុសកូវីដ-១៩ តែងតែជ្រើសរើសវិធីសម្លាប់សត្វបក្សីក្នុងកសិដ្ឋាន ឬកន្លែងចិញ្ចឹមរបស់ពួកគេទាំងអស់ដើម្បីការពារការរីករាលដាលនៃមេរោគមួយនេះ៕