ឥណ្ឌូណេស៊ី៖ សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានប្រកាសពីការតែងតាំងលោក Erick Thohir ជាមន្រ្តីជាន់ខ្ពស់នៃគណៈរដ្ឋមន្រ្តី និងជាអតីតប្រធានក្លិប Inter Milan ជាប្រធានសហព័ន្ធថ្មី ពោលគឺប៉ុន្មានខែប៉ុណ្ណោះក្រោយពេលកើតមានហេតុការណ៍មនុស្សរត់ជាន់គ្នាដ៏រន្ធត់នៅក្នុងកីឡដ្ឋានមួយនៃលីគឥណ្ឌូណេស៊ី។
ហេតុការណ៍ចលាចលកាលពីខែតុលា នៅកីឡដ្ឋាន Kanjuruhan នៅខេត្តជ្វាខាងកើត បានសម្លាប់មនុស្ស ១៣៥នាក់ និងបង្កឱ្យមានការចាប់អារម្មណ៍ជាសាធារណៈយ៉ាងទូលំទូលាយអំពីស្តង់ដារសុវត្ថិភាពនៃកីឡដ្ឋានបាល់ទាត់ក្នុងប្រទេសអាស៊ានមួយនេះ។ ក្រោយមកទៀត ការស៊ើបអង្កេតបានសន្និដ្ឋានថា ការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកហួសហេតុពេកបានបណ្តាលឱ្យមានហេតុការណ៍រត់ជាន់គ្នានេះ។
បាល់ទាត់ឥណ្ឌូណេស៊ីដែលកន្លងមកញាំញីដោយបញ្ហាធំៗដូចជារឿងអាស្រូវនានាពិសេសពាក់ព័ន្ធនឹងការរៀបចំលទ្ធផលប្រកួតទុកមុន និងបញ្ហាដែលកើតឡើងដោយក្រុមអ្នកគាំទ្រ និងជាចំណោទបញ្ហានៃការទទួលខុសត្រូវរបស់ប្រធានថ្មី លោក Erick ក្នុងការសហការជាមួយក្រុមការងារ FIFA ក្នុងការងារចាំបាច់មួយចំនួនដូចជាការរឹតបន្តឹងសុវត្ថិភាព ក្នុងដំណើរឆ្ពោះទៅការរៀបចំជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA U-20 World Cup នាខែឧសភាខាងមុខនេះ។
បន្ទាប់ពីការប្រកាសជាផ្លូវការ បណ្តាញសារព័ត៌មាននានាបានធ្វើការដកស្រង់នូវសម្តីកន្លងមករបស់លោកប្រធានាធិបតី Joko Widodo ដោយលោកធ្លាប់បានលើកឡើងថា ការជ្រើសតាំងប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ីថ្មី នឹងសង្ឃឹមថាមានការកែទម្រង់ថ្មីទាំងស្រុងចំពោះវិស័យបាល់ទាត់។ កន្លងមកបាល់ទាត់ឥណ្ឌូណេស៊ីធ្លាប់ត្រូវបាន FIFA ដាក់ពិន័យកាលពីឆ្នាំ២០១៥ ដោយការចោទប្រកាន់ថាមានការពាក់ព័ន្ធពីភាគីទី៣ក្នុងការគ្រប់គ្រងដឹកនាំសហព័ន្ធ៕