កាកបាទក្រហមជួបនឹងឯកអគ្គរាជទូតហ្វាំងឡង់ពិភាក្សាកិច្ចការលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងមូលដ្ឋាន
ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី បានទទួលជួបសំណេះសំណាល និងសម្តែងការគួរសម ជាមួយឯកអគ្គរដ្ឋទូតហ្វាំងឡង់លោក Jyri Järvaiaho នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
លោកស្រី ពុំ ចន្ទីនី បាននិយាយថា៖ «កាកបាទក្រហមកម្ពុជា បានកិច្ចសហប្រតិបត្តិការល្អជាមួយកាកបាទក្រហមហ្វាំងឡង់តាមពីទស្សវត្ស ៩០ ដែលមានឧបត្ថម្ភគាំទ្រក្នុងកម្មវិធីជាច្រើន ហើយនៅឆ្នាំ២០២២នេះ កាកបាទក្រហមហ្វាំងឡង់បានជ្រើសរើសកាកបាទក្រហមកម្ពុជាក្នុងចំណោមកាកបាទក្រហមតំបន់អាស៊ីអាគ្នេយ៍ ដែលមានពេលរយៈពេល ៣ឆ្នាំ ពីឆ្នាំ២០២២-២០២៣ កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងមូលដ្ឋាន ដែលឧបត្ថម្ភដោយ DG-ECHO តាមរយៈសហព័ន្ធអន្តរជាតិ (IFRC)»។
ក្នុងឱកាសនោះដែរ អគ្គលេខាធិការរូបនេះបាននាំប្រសាស៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះឯកអគ្គរដ្ឋទូតហ្វាំងឡង់ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ជាពិសេសបានឆ្លៀតឱកាសមកដល់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ឯកអគ្គរដ្ឋទូតហ្វាំងឡង់លោក Jyri Jarvaraiaho បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ជាដែលសមាគមជាតិមួយឈានមុខគេក្នុងវិស័យមនុស្សធម៌ និងមានកេរ្តិ៍ឈ្មោះនៅឆាកអន្តរជាតិ ហើយលោកថានឹងត្រលប់មកកម្ពុជាម្តងទៀតដើម្បីជំរុញការងារឱ្យមានប្រសិទ្ធិភាពទៀត។
លោកថា៖ «ខ្ញុំនឹងមកកម្ពុជាម្តងទៀតនាពេលអនាគត ដើម្បីជួយជំរុញការងារ (កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងមូលដ្ឋាន) ផ្តល់បទពិសោធន៍ ឲ្យមានប្រសិទ្ធភាព»៕





