ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមសហការគ្នាស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្ម ដែលបង្កឡើងដោយជនជាតិបរទេស នៅខណ្ឌចំការមន។
ដោយមានការសម្របសម្រួលពីតំណាងអយ្យការ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ធ្វើការបង្ក្រាបបានឈ្មោះ JOSEPH SWARTZ ហៅ ALEX ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិអង់គ្លេស នៅចំណុចហាងយីហោ 007 ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ និងដកហូតបានអាវុធខ្លីចំនួន ១ដើម ម៉ាក RUGER ពណ៌ខ្មៅ លេខ 333-69464 គ្រាប់ប្រភេទ9MM ចំនួន ៧គ្រាប់ បង់ចំនួន១ កូនកាំ បិតខ្លីចំនួន ១ដើម ម្សៅក្រាមថ្លា ពណ៌ស ចំនួន ១ថង់តូច និងសំភារៈមួយចំនួន។
ជនសង្ស័យខាងលើបានសារភាពថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល១០យប់ រូបខ្លួន និងជនរងគ្រោះឈ្មោះ DACKAVI STRAHIJAI ព្រមទាំងសង្សារជនរងគ្រោះជាជនជាតិខ្មែរ បានទៅផឹកស៊ីជាមួយគ្នានៅហាង អាមែន នៅម្ដុំផ្សារចាស់ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយបន្ទាប់មកក៏បាននាំគ្នាឡើងជិះរថយន្ត ១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BS-8021 ដើម្បីជូនជនរងគ្រោះទៅសំរាក។
លុះមកដល់មុខសណ្ឋាគារ ដឺភិច ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជនរងគ្រោះក៏បានចុះពីលើដោយទុកកាំភ្លើងខ្លីនៅប្រអប់ដាក់ទឹកក្បែចង្កឹះលេខរថយន្ត ហើយដើរសំដៅ ទៅមុខសណ្ឋាគារដឺភិច រួចក៏ដើរត្រលប់មកបើកទ្វារថយន្តបំរុងចូលរថយន្តវិញ រូបខ្លួនក៏យកអាវុធនោះបាញ់ជនរងគ្រោះចំនួន ៣គ្រាប់ រួចក៏ជិះរថយន្តគេចខ្លួន និងដឹកទំលាក់សង្សាជនរងគ្រោះចុះពីលើរថយន្តនៅមុខផ្សារ អីអន២ ហើយរូបខ្លួនក៏ជិះ រថយន្តបន្តគេចខ្លួនតែម្ដង ។
ជនសង្ស័យបានសារភាពថា មូលហេតុដែលរូបខ្លួនសំលាប់ជនរងគ្រោះដោយសារតែកន្លងមកជនរងគ្រោះតែងតែធ្វើការគំរាមមកលើរូបខ្លួនជាច្រើនលើក ទើបនៅថ្ងៃកើតហេតុរូបមានឱកាសល្អ ក៏សម្រេចចិត្តបាញ់ទៅលើជនរង គ្រោះឈ្មោះ DACKOVI STRA HIJAI តែម្ដង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងចាត់ការបន្ដតាមនីតិវិធី។
គួរឱ្យដឹងដែរថា កាលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២៣:៤០នាទីយប់ មានករណីឃាតកម្ម បាញ់សម្លាប់ទៅលើជនរងគ្រោះឈ្មោះ DACKOVI STRAHIJAI ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ស៊ែកប៊ី បណ្តាលឱ្យស្លាប់ នៅចំណុចមុខសណ្ឋាគារដឺភិច ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបង្ករឡើងដោយជនសង្ស័យឈ្មោះ ALEX ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិអង់គ្លេស ក្រោយធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានជិះ រថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BS-8021 រត់គេចខ្លួនបាត់៕