លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

លោក ហ៊ុន ម៉ានិត៖ «ខ្ញុំសូមប្រកាសថ្ងៃនេះថាខេត្តកំពង់ចាមអស់មីន»

ភ្នំពេញ៖ អគ្គនាយកស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិលោក ហ៊ុន ម៉ានិត អញ្ជើញចូលរួមក្នុងពិធីប្រកាសខេត្តកំពង់ចាមជាខេត្តអស់មីន នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាខេត្ត។

លោក ហ៊ុន ម៉ានិត បានឱ្យដឹងថា ដោយស្ថិតក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ប្រតិបត្តិករនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាត និងកាកសំណល់សង្គ្រាម បានធ្វើការបោសសម្អាតចម្ការមីន ដែលនៅសេសសល់ ក្នុងទឹកដីខេត្តកំពង់ចាម ដោយបានរកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៣៩គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ៣២ គ្រាប់។

អគ្គនាយកស្រាវជ្រាវចារកិច្ចរូបនេះបន្តថា កន្លងមក មានរាជធានីខេត្តចំនួន៦ដែលបានប្រកាសអស់មីនរួចហើយ រួមមានរាជធានីភ្នំពេញ ព្រះសីហនុ ត្បូងឃ្មុំ ព្រៃវែង កែប និងខេត្តស្ទឹងត្រែង ហើយគ្រោងប្រកាសខេត្តចំនួន ១១ទៀត ជាខេត្តអស់មីនក្នុងឆ្នាំ២០២៣។

លោកថា៖ «ខ្ញុំសូមប្រកាសថ្ងៃនេះ ថាខេត្តកំពង់ចាម អស់មីន»

ជាមួយគ្នានេះដែរលោកបានបញ្ជាក់ថា ទោះថ្ងៃនេះត្រូវបានប្រកាសខេត្តកំពង់ចាមអស់មីន ប៉ុន្តែខេត្តកំពង់ចាមនៅមានផ្ទៃដីសង្ស័យមានសំណល់ជាតិផ្ទុះពីសង្គ្រាម ស្ថិតនៅពាសពេញខេត្តកំពង់ចាម ដែលទាមទារឱ្យប្រជាជនបន្តមានការប្រុងប្រយ័ត្ន និងរាយការណ៍ជូនសមត្ថកិច្ច ពេលប្រទះឃើញ។

អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានឱ្យដឹងថាអង្គភាពស៊ីម៉ាក់បានបោសសម្អាតគ្រាប់មីននៅតំបន់រងផលប៉ះពាល់ដោយសារគ្រាប់មីនប្រឆាំងមនុស្ស ដែលនៅសល់និងមានកំណត់ត្រាក្នុងប្រព័ន្ធទិន្នន័យជាតិក្នុងខេត្តកំពង់ចាមចំនួន ១១ចម្ការមីន មានផ្ទៃដីសរុបចំនួន ១ ០០៣ ១៣៦ម៉ែត្រក្រឡា រុករកឃើញនិងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់មិនទាន់ផ្ទុះចំនួន ៧១គ្រាប់។

លោកបានគូសបញ្ជាក់ថា បើទោះបីជា ខេត្តកំពង់ចាមត្រូវបានប្រកាសអស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស នៅទីតាំងដែលបានដឹងនិងមានកំណត់ត្រាក្នុងទិន្នន័យជាតិក៏ពិតមែន ប៉ុន្តែខេត្តកំពង់ចាមក៏នៅមានសេសសល់តំបន់គ្រាប់បែកចង្កោមមានចំនួន ២១៨ទីតាំង ស្មើនឹងជាង ៤៣គីឡូម៉ែត្រក្រឡា និងទំបន់រងការទម្លាក់គ្រាប់បែកចំនួនជិត ៣០០ទីតាំង មានផ្ទៃដីជាង ៦៤,៣០០ហិចតាទៀត មិនទាន់បានបោសសម្អាតនៅឡើយទេ។

គួរឱ្យដឹងដែរថា ឥទ្ធិពលសង្គ្រាមត្រជាក់ និងការប្រកួតប្រជែងប្រទេសមហាអំណាច បានធ្វើឱ្យកម្ពុជាធ្លាក់ចូលភ្លើងសង្គ្រាមជាច្រើនទសវត្សរ៍ និងបានបន្សល់ទុកនូវគ្រាប់មីន និងសំណល់ជាតិផ្ទុះជាច្រើនពាសពេញដី ដែលបានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់រាជរដ្ឋាភិបាល និងបង្កឱ្យប្រជាជនបាត់បង់ដីស្រែចម្ការ មានមនុស្សស្លាប់ របួស ពិការ និងខូចខាតសម្ភារៈជាបន្តបន្ទាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក