ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្ថានទូតតួកគីអរគុណកម្ពុជា និងចាត់ទុកថាសំណាងណាស់ដែលបានបំពេញតួនាទីក្នុងប្រទេសដែលមានបេះដូងដ៏ធំ

ភ្នំពេញ៖ តំណាងស្ថានទូតតួកគីប្រចាំកម្ពុជា និងសហគមន៍តួកគីនៅកម្ពុជា អរគុណចំពោះប្រជាជនកម្ពុជា ដែលបានបរិច្ចាគ និងជួយគ្រប់មធ្យោបាយដល់ប្រទេសតួកគីដែលកំពុងរងគ្រោះពីគ្រោះរញ្ជួយដី និងលើកឡើងថាពិតជាសំណាងបានបំពេញតួនាទីក្នុងប្រទេសដែលមានបេះដូងនេះ។

ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព សាធារណរដ្ឋតួកគីប្រចាំកម្ពុជា លោកស្រី អ៊ូឃូ ខូចាអេសហ្វេ (Ulku Kocaefe) នាថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០២៣ បានបង្ហាញការសោកស្តាយ និងឈឺចាប់ក្រោយឃើញការបាត់បង់ជីវិត របួសរាប់ពាន់នាក់ និងការខូចខាតដែលមិននឹកស្មានដល់។

លោកស្រីថាក្នុងអំឡុងពេលដ៏លំបាកនេះ ការគាំទ្រ និងអធិដ្ឋានពីក្រុមគ្រួសារ និងមិត្តនៅជុំវិញពិភពលោកបានធ្វើឱ្យតួកគីកាន់តែរឹងមាំ និងផ្តល់នូវការស្រាកស្រាន្តចិត្តជាខ្លាំង។ លោកស្រីថា ក្នុងនោះក៏មានកម្ពុជាបានធ្វើការឆ្លើយតបយ៉ាងឆាប់រហ័ស ក្នុងនាមជាមិត្តដ៏រឹងមាំ និងជាដៃគូរបស់ប្រទេសតួកគី ។

លោកស្រីថា៖ «ក្នុងនាមស្ថានទូតរបស់ខ្ញុំ និងសហគមន៍តួកគីនៅកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជា ដែលបានជួយយើងតាមគ្រប់មធ្យោបាយ ក៏ដូចជាសហគមន៍ការទូតសម្រាប់សាមគ្គីភាពដ៏រឹងមាំរបស់ពួកគេ។ សារនៃការគាំទ្រ និងការផ្ដល់ជំនួយខ្ញុំទទួលបានច្រើនលើសលប់ ខ្ញុំចាត់ទុកថាខ្លួនឯងមានសំណាងណាស់ដែលបានមកបំពេញតួនាទីក្នុងប្រទេសដែលមានបេះដូងធំបែបនេះ»។

លោកស្រីក៏បានថ្លែងអំណរព្រះគុណចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងសមាជិករាជរដ្ឋាភិបាលទាំងអស់ ដែលបានផ្ញើសាររំលែកទុក្ខ និងអំណោយដ៏ឆាប់រហ័សរបស់កម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់ប្រទេសតួកគី ព្រមទាំងអំណោយពីកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាជំនួយមួយផ្នែកក្នុងការគាំទ្រយុទ្ធនាការជំនួយរបស់ស្ថានទូតផងដែរ និងបានទទួលអំណោយដោយសប្បុរសពីមន្ត្រីរដ្ឋាភិបាល និងឥស្សរជនផ្សេងៗផងដែរ។

ឯកអគ្គរដ្ឋទូតរូបនេះបានឱ្យដឹងទៀតថា លោកស្រីបានទទួលបានភួយជាង ៤ ០០០ភួយ តង់គេងជាច្រើន សម្លៀកបំពាក់រដូវរងារជាច្រើនតោន ព្រមទាំងអាហារត្រូវបានបរិច្ចាគដោយក្រុមហ៊ុន និងរោងចក្រផ្សេងៗជាច្រើន។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ស្ថានទូតបានបញ្ជូនអំណោយលើកទី១ ទំងន់ ១៥តោនទៅតួកគី តាមយន្តហោះនៅទីក្រុងបាងកក ក្រៅពីសហគមន៍តួកគីក្នុងទីក្រុងភ្នំពេញ ក៏បានទទួលជំនួយយ៉ាងច្រើនពីអតីតនិស្សិតដែលទៅសិក្សានៅតួកគីសម្រាប់ការងាររៀបចំ វេចខ្ចប់ និងការលើកជញ្ជូនអំណោយផងដែរ។

គួរឱ្យដឹងដែរថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសទួរគី និងស៊ីរី ពីការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីសប្តាហ៍មុន ពេលនេះបានកើនឡើងលើសពី ៤១ ០០០នាក់ ខណៈមនុស្សមួយចំនួនតូចនៅតែត្រូវបានជួយសង្គ្រោះពីគំនរបាក់បែក និង បន្សល់ទុកអ្នករស់រានមានជីវិតជាច្រើនគ្មានផ្ទះសម្បែង យោងតាមសារព័ត៌មាន CNBC៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក