ប៉េរូ៖ វិមាន Inca នៃតំបន់ទេសចរណ៍ Machu Picchu ដែលជាគោលដៅទេសចរណ៍ល្បីល្បាញបំផុតមួយរបស់ប្រទេសប៉េរូ បានបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញកាលពីថ្ងៃពុធ ទី១៥ កុម្ភៈម្សិលមិញនេះ បន្ទាប់ពីទីតាំងនេះត្រូវបានបិទអស់រយៈពេល ២៥ថ្ងៃដោយសារតែបាតុកម្មបានផ្ទុះឡើងដែលបានអង្រួនប្រទេសធ្លាក់ក្នុងភាពចលាចលចាប់តាំងពីខែធ្នូឆ្នាំមុន។
ក្រុមអ្នកទេសចរដំបូងគេបានចូលទៅទស្សនាក្នុងឧទ្យាននៃតំបន់នេះ នឹងបានទស្សនានៅផ្នែកផ្សេងៗគ្នាក្នុងតំបន់ឧទ្យានទេសចរណ៍មួយនេះ។ ភ្ញៀវទេសចរប្រមាណ ៧០០នាក់បានចូលទស្សនាទីតាំងនេះត្រឹមពាក់កណ្តាលថ្ងៃ ដោយផ្អែកតាមទិន្នន័យពីក្រសួងវប្បធម៌៌ដែលមានមន្រ្តីបង្ហាញវត្តមាននៅទីតាំងនោះដូចគ្នា។ បន្ថែមពីលើនេះទិន្នន័យបញ្ជាក់ដោយក្រសួងវប្បធម៌បានឱ្យដឹងថា ត្រឹមមួយថ្ងៃដំបូងមានភ្ញៀវទេសចរប្រហែល ៤,៤០០នាក់ចូលទស្សនាទីតាំង Machu Picchu ពីម៉ោង ៦ព្រឹក ដល់៤ល្ងាច។
តំបន់ទេសចរណ៍ដ៏ល្បីល្បាញដែលសាងសង់ឡើងនៅសតវត្សទី១៥ ដោយអរិយធម៌អង់កាមួយនេះ ត្រូវបានបិទទ្វារលែងទទួលស្វាគមន៍ភ្ញៀវទេសចរចាប់តាំងពីថ្ងៃទី២១ ខែមករាខណៈដែលប្រទេសប៉េរូកំពុងជួបវិបត្តិសង្គម និងនយោបាយដែលបណ្តាលឱ្យមានរលកនៃបាតុកម្ម និងហិង្សាកើតមានឡើង។ បាតុកម្មនេះបបានផ្ទុះឡើងក្រោយពេលអ្នកតវ៉ាទាមទារឱ្យប្រធានាធិបតីថ្មី លោកស្រី Dina Boluarte លាលែងពីតំណែង។
គួរបញ្ជាក់ថា តំបន់់ Machu Picchu គឺជាស្នូលដ៏សំខាន់នៃវិស័យទេសចរណ៍ និងជួយដល់សេដ្ឋកិច្ចប៉េរូយ៉ាងខ្លាំង ដោយទាក់ទាញបានភ្ញៀវទេសចរប្រហែល ៤,៥លាននាក់ជារៀងរាល់ឆ្នាំ៕