ភីលីពីន៖ ហេតុការណ៍រញ្ជួយដីកម្រិត ៦.១រ៉ិចទ័រមួយបានកើតឡើង និងវាយប្រហារតំបន់ភាគកណ្តាលប្រទេសភីលីពីននាវេលាទាបភ្លឺថ្ងៃទី១៦ ខែកុម្ភៈនេះ ដោយទីភ្នាក់ងារគ្រប់គ្រងគ្រោះរញ្ជួយដីក្នុងប្រទេសបានព្រមានអំពីហេតុការណ៍រញ្ជួយដី និងការខូចខាតនានាដែលអាចកើតមាន។ ការរញ្ជួយដីដ៏ខ្លាំងបានវាយប្រហារនៅខេត្ត Masbate ភាគកណ្តាលនៃប្រទេសប្រជុំកោះមួយនេះ និងបានដាស់ឱ្យប្រជាជនភ្ញាក់ពីដំណេកយ៉៉ាងស្រឡាំងកាំងនាវេលាម៉ោងប្រមាណ ២ទាបភ្លឺ។
ចំណុចកណ្តាលនៃការរញ្ជួយដីមានចម្ងាយ 11 គីឡូម៉ែត្រពីភូមិ Miaga ស្ថិតក្នុងតំបន់រដ្ឋបាល Uson នៃខេត្ត Masbate ស្ថិតនៅកោះតំបន់កណ្ដាលនៃប្រទេសភីលីពីន។ ការរញ្ជួយដីថើៗនៅផ្នែកខាងលើនៃហេតុការណ៍នេះអាចប្រឈមនឹងការខូចខាតខ្លាំងក្លាជាងការរញ្ជួយដីជ្រៅចេញពីបាតខាងក្រោម ប៉ុន្តែជាបឋមមិនមានរបាយការណ៍ពីការខូចខាតធ្ងន់ធ្ងរ ឬមានអ្នករងគ្រោះនៅឡើយទេ។
មន្រ្តីប៉ូលិសនៃខេត្ត Masbate បានបញ្ជាក់ប្រាប់សារព័ត៌៌មានថា ការរញ្ជួយដីនេះមានកម្រិតខ្លាំងគួរសម ដោយលោកអះអាងថាអំឡុងហេតុការណ៍នោះលោកកំពុងគេងលក់ ហើយការរញ្ជួយកើតមានឡើង ដាស់លោកពីដំណេកតែម្តង។ យ៉ាងណាក្តី តាមប្រភពនៃផ្នែកជំនាញបានបញ្ជាក់ថាមិនមានតំរុយណាមួយស្តីពីគ្រោះថ្នាក់ស៊ូណាមិអាចកើតមានឡើយ។
បើតាមមន្រ្តីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់បានថ្លែងថា ខ្លួនទទួលអារម្មណ៍តក់ស្លុតគួរសមចំពោះហេតុការណ៍នេះ យ៉ាងណាមិញផ្នែកជំនាញមិនមានការទទួលបានការរាយការណ៍អំពីការខូចខាតណាមួយកើតមានឡើងនោះទេ ជាពិសេសគឺទៅលើការខូចខាតសំណង់អគារ។ ការិយាល័យអប់រំនៃខេត្ត Masbate នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានអនុញ្ញាតឱ្យផ្អាកថ្នាក់រៀនមួយថ្ងៃដោយសារតែការព្រួយបារម្ភអំពីការរញ្ជួយដីនៅតែបន្តកើតមាន៕