អ៊ុយក្រែន៖ រុស្សីបានប្រកាសនៅថ្ងៃទី១៥ ខែកុម្ភៈម្សិលមិញ ខ្លួនបានទម្លុះខ្សែបន្ទាត់ជួរមុខចំនួនពីររបស់អ៊ុយក្រែននៅភាគខាងកើត ហើយទីក្រុង Kyiv បាននិយាយអំពីការវាយប្រហារជាបន្តបន្ទាប់ឥតឈប់ឈររបស់រុស្ស៊ី ដែលធ្វើឱ្យអ៊ុយក្រែនមានការលំបាកក្នុងសមរភូមិ ខណៈដែលសម្ព័ន្ធមិត្តលោកខាងលិចបានប្រកាសពីការផ្តល់ជំនួយយោធាបន្ថែមទៀតសម្រាប់ទីក្រុង Kyiv។
ការវាយប្រហារបន្ថែមទៀតនេះ ដោយមានការជំរុញពីក្រុមបម្រុងរាប់ម៉ឺននាក់ដែលបានត្រៀមទុកនៅក្នុងខែធ្នូក្រោយមានការបង្វែរសមរភូមិជាច្រើនកន្លងមក ដោយរុស្សីបានបើកការវាយប្រហារភាគខាងត្បូង និងភាគខាងកើតក្នុងអំឡុងប៉ុន្មានសប្តាហ៍នេះ ហើយការវាយលុកថ្មីដ៏ធំមួយពីសំណាក់រុស្សីត្រូវបានគេរំពឹងទុកថានឹងកើតមានឡើងស្របពេលដែលវិបត្តិសង្គ្រាមរុស្សី-អ៊ុយក្រែនបានកើតឡើងរយៈពេល ១ឆ្នាំមកហើយ។
រដ្ឋមន្រ្តីការពារជាតិរុស្សីនិយាយថា កងកម្លាំងអ៊ុយក្រែនបានដកថយនៅចំពោះមុខការវាយប្រហាររបស់រុស្ស៊ីនៅក្នុងតំបន់ Luhansk ប៉ុន្តែមិនបានបញ្ជាក់ថាជាការវាយប្រហារទីតាំងណាមួយច្បាស់លាស់នោះទេ ស្របពេលសារព័ត៌មានអន្តរជាតិក៏មិនអាចរកការផ្ទៀងផ្ទាត់ឯករាជ្យចំពោះសមរភូមិនេះបានដែរ។ ក្រោយមកក្នុងថ្ងៃដដែល អនុរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Hanna Malyar បានចេញមកបញ្ជាក់ថាកងកម្លាំងរុស្ស៊ីកំពុងបង្កើនការវាយលុកស្ទើរគ្រប់ពេលលើទីតាំងសំខាន់របស់រដ្ឋាភិបាល ដោយមិនបានបញ្ជាក់ច្បាស់ពីទីកន្លែងនោះឡើយ។ លោក Malyar តាមរយៈបណ្តាញសង្គម Telegram បានទទួលស្គាល់ពីស្ថានភាពតានតឹង ប៉ុន្តែលោកនិយាយថាអ្នកប្រយុទ្ធរបស់អ៊ុយក្រែនមិនអនុញ្ញាតឱ្យសត្រូវសម្រេចបាននូវគោលដៅរបស់ខ្លួនទេ ហើយកំពុងធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរចំពោះការវាយប្រហាររបស់រុស្សីនេះ។
អភិបាលតំបន់ Luhansk លោក Serhiy Haidai ក៏បញ្ជាក់ដូចគ្នាអំពីថារុស្ស៊ីកំពុងដាក់ពង្រាយនូវសព្វាវុធុនធ្ងន់ជាច្រើន រួមជាមួយការចល័តទ័ពចូលក្នុងតំបន់នេះផងដែរ។ បន្ថែមពីលើភាពតានតឹងនេះ នៅឯរដ្ឋធានី គៀវ ឯណោះវិញ រដ្ឋបាលយោធានៃរដ្ឋធានីនេះបានបញ្ជាក់ថាបាឡុងរុស្ស៊ីចំនួនប្រាំមួយ ដែលអាចមានឧបករណ៍ឈ្លបយកការណ៍ ត្រូវបានកងកម្លាំងបាញ់ទម្លាក់ពីលើដែនអាកាសរបស់ទីក្រុងកាលពីថ្ងៃពុធ បន្ទាប់ពីសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសបានបន្លឺឡើង៕