អាមេរិក៖ ក្រុមហ៊ុនបណ្តាញសង្គមយក្ស Twitter នៅថ្ងៃទី១៥ ខែកុម្ភៈបានប្រកាសថា បណ្តាញសង្គមរបស់ខ្លួននឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតផលពីកញ្ឆាអាចធ្វើការផ្សព្វផ្សាយពីម៉ាក និងផលិតផលរបស់ខ្លួនលើបណ្តាញសង្គម Twitter បាននៅក្នុងសហរដ្ឋអាមេរិក។
កន្លងទៅថ្មីៗនេះ Twitter បានអនុញ្ញាតឱ្យមានការផ្សាយពាណិជ្ជកម្មបានចំពោះផលិតផលប្រភេទ CBD ប៉ុណ្ណោះ ខណៈដែលបណ្តាញសង្គមដទៃៗទៀតរួមមាន Facebook, Instagram និង TikTok នៅតែបន្តអនុវត្តនូវគោលការណ៍មិនអនុញ្ញាតឱ្យមានការផ្សាយពាណិជ្ជកម្មផលិតផលពាក់ព័ន្ធនឹងកញ្ឆាដដែល ដោយសារតែនៅតែមានភាពខុសច្បាប់ក្នុងកម្រិតសហព័ន្ធក្នុងសហរដ្ឋអាមេរិក។
យ៉ាងណមិញ ថ្មីៗនេះមានរដ្ឋជាច្រើនបានបង្ហាញពីការឆ្ពោះទៅមុខចំពោះការគាំទ្រទៅលើការអនុញ្ញាតឱ្យចរាចរណ៍លក់ផលិតផលពីកញ្ឆា ដោយមានរដ្ឋចំនួន ២១ទៅហើយបានអនុញ្ញាត។ Twitter បាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យក្រុមហ៊ុនដែលមានផលិតផលពីកញ្ឆា ឬផ្សំដោយកញ្ឆាអាចផ្សាយពាណិជ្ជកម្មបាន ដរាបណាពួកគេមានអាជ្ញាប័ណ្ណត្រឹមត្រូវ ឆ្លងកាត់ដំណើរការអនុម័តរបស់ខ្លួន កំណត់គោលដៅតែដែនសមត្ថកិច្ចដែលពួកគេទទួលបានអាជ្ញាប័ណ្ណដើម្បីធ្វើប្រតិបត្តិការ ហើយសំខាន់បំផុតគឺមិនត្រូវកំណត់គោលដៅមនុស្សក្រោម ២១ឆ្នាំ។ ក្រុមហ៊ុនដែលមានសក្តានុពលផ្នែកនេះភាគច្រើនបានទទួលយកការផ្លាស់ប្តូរដែលបានស្នើឡើងដោយ Twitter យ៉ាងឆាប់រហ័ស។ ក្រុមហ៊ុន Trulieve Cannabis Corp បានចាប់ផ្តើមយុទ្ធនាការពហុរដ្ឋរបស់ខ្លួនរួចហើយនៅលើ Twitter កាលពីថ្ងៃពុធ។
គួរបញ្ជាក់ថា បន្ទាប់ពីរីករាយនឹងការកើនឡើងនៃទិន្នន័យលក់ក្នុងដំណាក់កាលដំបូងអំឡុងការផ្ទុះឡើងដំបូងនៃវីរុសកូវីដ-១៩ ឧស្សាហកម្មកញ្ឆានៅសហរដ្ឋអាមេរិកបានបង្ហាញពីការថមថយយ៉ាងខ្លាំងនៅពេលប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកច្បាប់ និងសេដ្ឋកិច្ច រួមទាំងការធ្លាក់ចុះតម្លក់ និងផលិតផលលើទីផ្សារខុសច្បាប់ដែលកំពុងទាក់ទាញអតិថិជនរបស់ខ្លួន៕