ភ្នំពេញ៖ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុនលោក យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ (Yoshida Yoshihide) បានថ្លែងថាសម្ដេចមិនត្រឹមតែបានដឹកនាំទ័ពចំពោះសង្គ្រាមប៉ុណ្ណោះទេ តែសម្ដេចក៏ជាមេដឹកនាំកម្ពុជាដែលនាំសន្ដិភាពដល់ប្រទេសផងដែរ។
ថ្លែងនៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នោវិមានសន្ដិភាពលោក យ៉ូស៊ីដា បានលើកឡើងថាដោយបានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ និងថា «ប្រសិនជាគ្មានសម្ដេចតេជោទេគឺគ្មានទេសន្ដិភាព»។
ជំនួយការផ្ទាល់សម្ដេចតេជោគឺលោក អ៊ាង សុផាល្លែត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដោយដកស្រង់ប្រសាសន៍របស់លោក យ៉ូស៊ីដា ថា៖ «ឯកឧត្តមយ៉ូស៊ីដា បានសំដែងនូវការគោរពចំពោះសម្ដេចតេជោដែលបានកសាងទ័ពដឹកនាំទ័ព និងនាំមកជូនកម្ពុជានូវសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ឯកឧត្តម យ៉ូស៊ីដា បានបន្ថែមថាប្រសិនជាគ្មានសម្ដេចតេជោទេគឺគ្មានទេសន្ដិភាព»។
ក្នុងឱកាសនេះផងដែរលោក យ៉ូស៊ីដា បានបញ្ជាក់ប្រាប់សម្ដេចរតេជោ ហ៊ុន សែន ថាប្រទេសជប៉ុននឹងជំរុញពង្រឹងទំនាក់ទំនងយោធាជាមួយកម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដោយស្មើភាពពុំមានអ្នកដើរពីមុខឬអ្នកដើរតាមនោះទេ។
ជាការឆ្លើយតបនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីដំណើរតស៊ូកសាងកម្លាំងទ័ពរបស់សម្ដេច ទាក់ទងនឹងការបែកបាក់ផ្ទៃក្នុងរបស់កម្ពុជា និងការកាប់សម្លាប់ជាតិឯងដោយខ្មែរក្រហមដែលជារឿងពិបាកបំផុតសម្រាប់ប្រទេស។
សម្ដេចតេជោ បានលើកឡើងថាការធ្វើសង្គ្រាម និងក្រោយមកគឺស្វែងរកការចរចាររួបរួមគឺគ្មានអ្វីក្រៅពីការស្វែងរក «សន្ដិភាព» សម្រាប់ប្រទេសរបស់កម្ពុជាប៉ុណ្ណោះ។
សម្ដេចបានបញ្ជាក់ថា៖ «មានសន្ដិភាពគឺមានអ្វីៗទាំងអស់ គ្មានសន្ដិភាពទេគឺគ្មានទេលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ព្រោះសិទ្ធិមនុស្សមិនជ្រកក្រោមសង្គ្រាមទេ ប្រទេសអ៊ុយក្រែនជាឧទាហរណ៍ស្រាប់»។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ប្រទេសទាំងពីរកម្ពុជា-ជប៉ុនឱ្យបង្កើនកិច្ចសហការយោធាជាមួយគ្នាក្នុងន័យការពារនូវសុខសន្ដិភាពប្រទេសទាំងពីរ ក្នុងតំបន់ និងពិភពលោកផងដែរ៕
PHOTO: KOK KY