លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រដ្ឋាភិបាលចំណាយថវិកាជាង ១៨លានដុល្លារសម្រាប់ឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្នុងឆ្នាំ២០២២ កន្លងមក រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាឧបត្ថម្ថដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងខេត្តបន្ទាយមានជ័យចំនួនជាង ១៨លានដុល្លារ។

អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី បានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២» នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ថា គោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្របានធ្វើឱ្យជីវភាពប្រជាជនមានភាពល្អប្រសើរ ក្រោមកាយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

អភិបាលរងខេត្តបានថ្លែងថា៖ «ដោយសារដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវលើការងាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជាបង្ហាញនូវមុខមាត់ថ្មីប្រកបដោយភាពរឹងប៉ឹង និងវិជ្ជាមាន រហូតដល់បណ្ដាប្រទេសជាច្រើនបានកំពុងរៀនសូត្រពីបទពិសោធន៍ល្អៗពីកម្ពុជា»

លោកស្រីបន្តថា ប្រជាជនកម្ពុជា បាននឹងកំពុងទទួលផ្លែផ្កាពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងអត្រាមធ្យម ៧,៧ភាគរយ នាអំឡុងពីរទសវត្សចុងក្រោយនេះ ដែលសមិទ្ធផលទាំងអស់នេះ គឺជាកត្តាសត្យានុម័តមិនអាចបដិសេធបាន និងជាមោទនភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា។

លោកស្រីបន្ថែមថា កត្តាវិវឌ្ឍនៃសង្គមប្រកបដោយសង្គតិភាពនេះ ធ្វើឱ្យកម្ពុជាត្រូវបន្តដំណើរវិវឌ្ឍន៍របស់ខ្លួនលើមាគ៌ាច្បាស់លាស់ក្នុងការកំណត់ និងរក្សាបាននូវសុខុមាលភាពរបស់ប្រជាជនជាពិសេសការធានានូវការផ្ដល់នូវសេវាសង្គមប្រកបដោយសមភាព សមធម៌ និងវិជ្ជាជីវៈពិតប្រាកដ។

អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ លោកស្រី ហេង ស្រីលក្ខណ៍ បានបញ្ជាក់ថា ក្នុងរយៈពេល ១ឆ្នាំ ឆ្នាំ២០២២ មានគ្រួសារក្រីក្រចំនួន ៣១ ៩៣១គ្រួសារ ដែលបានបើកប្រាក់ប្រចាំខែ សរុបជាទឹកប្រាក់ក្នុងឆ្នាំ២០២២ មានចំនួនជាង ១៨លានដុល្លារ។

ជាមួយគ្នានេះ ក្នុងឆ្នាំ២០២២ រដ្ឋាភិបាលបានចំណាយថវិកាចំនួនជាង ៣សែនដុល្លារសម្រាប់ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅក្នុងខេត្តបន្ទាយមានជ័យ៕  



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក