ភ្នំពេញ៖ រយៈពេល១ឆ្នាំ ក្នុងឆ្នាំ២០២២ កន្លង កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានសរុបប្រមាណ ១២៦លានដុល្លារ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិស ដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទំនិញឆ្លងកាត់មានចំនួនប្រមាណ ៥,៣លានតោន កើនឡើង ១,២៩ភាគរយ និងចំណូលសរុបមានចំនួនប្រមាណ ៣៥១ប៊ីលានរៀល ប្រមាណ ៨៦លានដុល្លារអាម៉េរិក កើនឡើង ២,៤៥ភាគរយ ធៀបនឹងការអនុវត្តឆ្នាំ២០២១។
លោករដ្ឋមន្ដ្រីរូបនេះបន្ដថា ក្រសួងបាន និងកំពុងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មចំណតផែកុងតឺន័រថ្មី តាមរយៈការសិក្សាជាមួយ JICA ដើម្បីប្រែក្លាយជាកំពង់ផែក្នុងតំបន់ ដ៏មានសក្តានុពល ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងនីតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់។
ជាមួយគ្នានេះដែរ លោកបន្ថែមថា ក្រសួងបាន និងកំពុងសិក្សា សមិទ្ធលទ្ធភាពសាងសង់ផែកុងតឺន័រ ជំហានទី២ និងជំហានទី៣ ក្នុងនោះ ជំហានទី២ ប្រវែង៤០០ម៉ែត្រ ជម្រៅទឹក ១៦ម៉ែត្រ (២០២៥-២០២៨) និងជំហានទី៣ ប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ (២០២៦-២០៣០) ផងដែរ។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រីសាធារណការបានបញ្ជាក់ថា «កំពង់ផែស្វយ័តភ្នំពេញ ទំនិញឆ្លងកាត់មានចំនួនប្រមាណ ៤,២លានតោន កើនឡើង ៩ភាគរយ និងចំណូលសរុបមានចំនួនប្រមាណ ១៦៣ប៊ីលានរៀល (ប្រមាណ ៤០លានដុល្លារអាម៉េរិក) កើនឡើង ១៧,១០ភាគរយ ធៀបនឹងការអនុវត្តឆ្នាំ២០២១»។
គួរឱ្យដឹងដែរថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់នៃកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ ១២៥ហិកតា ដែលជាកំពង់ផែទឹកជ្រៅតែមួយគត់សម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដូចជាមានជម្រៅទឹកជ្រៅ មានកោះជារបាំងខ្យល់ និងរលកធំៗ ហើយស្ថិតនៅចំទីតាំងដែលពុំតម្រូវឱ្យមានការបូមស្តារឃ្លងនាវាជាប្រចាំឡើយ៕