ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មេដឹកនាំកម្ពុជា និងអាល្លឺម៉ង់ ពេញចិត្តចំពោះទំនាក់ទំនងដែលមានស្រាប់និងរីករាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier បានសំដែងនូវការពេញចិត្តនូវទំនាក់ទំនងដែលប្រទេសទាំងពីរបានបង្កើតឡើង ដោយថានឹងពង្រឹងទំនាក់ទំនងនេះបន្តទៀតជាមួយនឹងការជំរុញកិច្ចសហប្រតិការមួយចំនួនបន្ថែមទៀត។

ថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) បានសំដែងនូវការពេញចិត្តចំពោះការចូលរួមរបស់អាល្លឺម៉ងលើវិស័យដោះមីននៅកម្ពុជាដែលបានជួយដល់ជីវិតប្រជាជន បង្កើតដីធ្លីមានសុវត្ថិភាព ធានាដល់ការបង្កបង្កើនផល និងប្រកបរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋកម្ពុជា។

បន្ថែមលើនេះលោកក៏បានបង្ហាញនូវការរីករាយពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការថែរក្សាប្រាង្គប្រាសាទ រយៈពេល ២៥ឆ្នាំកន្លងមក ហើយបានជម្រាបជូនសម្ដេចតេជោថា កិច្ចសហប្រតិបត្តិការនេះ នឹងនៅបន្តទៀត។

លោកក៏កោតសរសើរសម្ដេចតេជោផងដែរចំពោះការដឹកនាំប្រទេសចេញពីភាពខ្ទេចខ្ទីឱ្យមានការរីកចម្រើនដូចបច្ចុប្បន្ន ជាពិសេសភាពជាអ្នកដឹកនាំក្នុងពេលដែលកម្ពុជាប្រឈមនឹងជំងឺកូវីដ-១៩ និងប្រឈមនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយ។

ក្នុងឱកាសនោះដែរលោក ហ្វ្រាំង វ៉ាល់ធ័រ បានជម្រាបជូនសម្ដេចតេជោផងដែរអំពីមហិច្ឆតារបស់អាល្លឺម៉ង់ ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាប្រែប្រួលអាកាសធាតុ និងបំណងក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រធានាធិបតីអាល្លឺម៉ងសម្រាប់ការវាយតម្លៃល្អអំពីកម្ពុជា ហើយក៏បានថ្លែងអំណរគុណជូនលោកប្រធានាធិតី ប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ ចំពោះការជួយដល់កម្ពុជា លើវិស័យដោះមីន, វិស័យវប្បធម៌ និងវិស័យដទៃទៀត។

សម្ដេចតេជោក៏បានជម្រាបជូនលោកប្រធានាធិបតី អំពីស្ថានភាពនៅកម្ពុជា ដែលត្រូវដោះមីនឲ្យអស់នៅឆ្នាំ២០២៥ និងដំណើរការជួយដោះមីននៅប្រទេសមួយចំនួនក្រោមឆ័ត្រអង្គការសហប្រជាជាតិ រួមជាមួយការជួយបង្ហាត់កងទ័ពអ៊ុយក្រែន លើបញ្ហាដោះមីន ដែលជាការងារមនុស្សធម៌ កុំឱ្យសត្រូវកំបាំងមុខនេះបង្ករបញ្ហាដល់ជនស្លូតត្រង់។

ដោយឡែកពាក់ព័ន្ធនឹងប្រាង្គប្រាសាទនៅកម្ពុជា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជា មានប្រាង្គប្រាសាទច្រើន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះជាមោទនភាពណាស់ ប៉ុន្តែវាក៏ជាបន្ទុកមួយផងដែរ សម្រាប់ការជួសជុល និងថែរក្សា។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការពេញចិត្តចំពោះការជួយរបស់សហព័ន្ធអាល្លឺម៉ង់ ក្នុងពេល ២៥ឆ្នាំកន្លងមក។

សម្ដេចតេជោ ក៏បានសំដែងការរីករាយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ថាមពល ជាពិសេស លើវិស័យវិន័យយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

នៅថ្ងៃដដែលនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូធុរកិច្ចអាល្លឺម៉ង់ផងដែរ។

នៅក្នុងជំនួបនោះ ប្រតិភូធុរកិច្ចអាល្លឺម៉ង់ បានសម្ដែងនៅចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យរោងចក្រផលិតរថយន្ត គ្រឿងចក្រ សំណង់ សម្ភារៈសំណង់ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ហើយក៏បានសម្ដែងនូវការពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ដែលជាបរិយាកាសបើកចំហ និងអនុគ្រោះជាទីបំផុត។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះប្រតិភូធុរកិច្ចអាល្លឺម៉ង់ ចំពោះចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា។

សម្ដេចតេជោ បានជម្រាបជូនប្រតិភូធុរកិច្ចទាំងមូលថា កម្ពុជាអនុញ្ញាតឲ្យជនបរទេសធ្វើជាម្ចាស់ក្រុមហ៊ុន ១០០% ដោយពុំចាំបាច់មានអ្នកមានសញ្ជាតិខ្មែរជាម្ចាស់ភាគហ៊ុនឡើយ។ កម្ពុជា ក៏អនុញ្ញាតឲ្យប្រើរូបិយវត្ថុបរទេសផងដែរ សម្រាប់បើកប្រាក់ខែ និងសម្រាប់ការទូទាត់ផ្សេងៗ ដោយមិនឲ្យអ្នកវិនិយោគនៅកម្ពុជាបាត់បង់ប្រយោជន៍តាមរយៈការប្ដូរប្រាក់នោះទេ។

សម្តេចតេជោបានបន្តទៀតថា កម្ពុជាសព្វថ្ងៃនេះ គឺមានការលូតលាស់ខ្លាំង លើវិស័យសំណង់ ហើយឆ្លៀតពេលនោះដែរ សម្ដេចតេជោ បានស្នើសុំឲ្យអ្នកវិនិយោគអាល្លឺម៉ង់ ពិចារណាលើរូបមន្តបូកមួយ នោះមានន័យថា ក្នុងករណីដែលការវិនិយោគអាល្លឺម៉ង់ ដាក់ទុនវិនិយោគនៅប្រទេសណាមួយ ហើយក៏ពិចារណាដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ ដោយបានជម្រាបជូនប្រតិភូ អំពីបទពិសោធន៍កន្លងមក ដែលមានក្រុមហ៊ុនមួយដាក់ទុនវិនិយោគនៅប្រទេសថៃផង និងដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផង ហើយនៅពេលដែលប្រទេសថៃ ជួបនឹងវិបត្តិកូវីដ-១៩ ជួបនឹងវិបត្តិទឹកជំនន់ ក្រុមហ៊ុននោះ បានបង្វែរផលិតកម្មមកកាន់កម្ពុជាវិញ ដើម្បីជំរុញធ្វើយ៉ាងណា ផលិតឲ្យទាន់ការបញ្ជាទិញ ។

លើសពីនោះទៀត សម្ដេចតេជោ ក៏បានស្វាគមន៍រាល់ការវិនិយោគទាំងឡាយរបស់អាល្លឺម៉ង់ មកកាន់កម្ពុជា ជាពិសេស ការ វិនិយោគដែលមានលក្ខណៈបរិស្ថានល្អ និងអព្យាក្រឹត្យកាបោន ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក