បណ្ណាល័យនៃក្តីស្រឡាញ់សម្ពោធក្នុងទិវានៃក្តីស្រឡាញ់សម្រាប់សិស្សានុសិស្ស-និស្សិត នៅស្រុកខ្សាច់កណ្ដាល
កណ្តាល៖ បណ្ណាល័យមួយខ្នងស្ថិតនៅឃុំរការជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដោយអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) លោកស្រី ពេជ ចន្ទមុន្នី ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣ ដើម្បីឱ្យសិស្សានុសិស្សបានដើម្បីពង្រឹងសមត្ថភាពចំណេះដឹងរបស់របស់ខ្លួន។
លោកស្រី ពេជ ចន្ទមុន្នី បានឱ្យដឹងថា ការសាងសង់បណ្ណាល័យនេះនឹងលើកទឹកចិត្តឱ្យសិស្សានុសិស្ស កុមារា និង កុមារី ដែលជាទំពាំងស្នងឫស្សី ទៅអនាគតនូវគំនិតនៃការរៀនមួយជីវិត ដែលមិនសំដៅតែទៅលើការរៀន តែនៅក្នុងថ្នាក់រៀននោះទេ ប៉ុន្តែសំដៅដល់ការរៀនអាន ជាពិសសតាមរយៈការបណ្ដុះចិត្តនៃការស្រលាញ់ នឹងចូលចិត្តអានសៀវភៅព្រមទាំងស្ទះស្វែង នឹងពុះពារក្នុងការស្វែងរកចំណេះដឹង និងចំណេះធ្វើ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។
លោកស្រីបានបន្ថែមឱ្យដឹងថានេះ គឺជាការកត់សម្គាល់នៅក្នុងការរីកចម្រើនរបស់ប្រទេសកម្ពុជារបស់ ហើយសិស្សានុសិស្ស និស្សិតបច្ចុប្បន្ននេះគឺមានសំណាងណាស់ ដែលមានឱកាសគ្រប់បែបយ៉ាងទទួលបាននូវការបណ្ដុះបណ្ដាលអប់រំ និងមានបច្ចេកវិទ្យាទំនើបនៅក្នុងការសិក្សា។
ជាមួយគ្នានេះដែរលោកស្រី ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណសប្បុរសជន ដែលបានចំណាយ ទាំងកម្លាំងកាយចិត្ត ពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់បណ្ណាល័យនៃក្តីស្រលាញ់ ចេញជារូបរាងឡើង ដូចដែលយើងបានឃើញទាំងអស់ជូនពេលនេះដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្សសិក្សាស្រាវជ្រាវ។
គួរឱ្យដឹងដែរថា បណ្ណាល័យនៃក្តីស្រឡាញ់ បានចាប់ផ្តើមកសាងក្នុងខែវិច្ឆិកា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ក្នុងខែមករា ឆ្នាំ២០២១ ដោយបានបំពាក់គ្រឿងសង្ហារិម សំភារៈ និងសៀវភៅជាច្រើនមុខ បម្រើដល់ការសិក្សា ស្រាវជ្រាវរបស់សិស្ស ដោយចំណាយអស់ទឹកប្រាក់សរុប ៩៨ ៩៧៥ដុល្លារ។