សៀមរាប៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលបានប្រព្រឹត្តឃាតកម្មលើក្មេងប្រុសម្នាក់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី១៣ ខែកុម្ភៈ សមត្ថកិច្ចទទួលបានករណីក្មេងប្រុសអាយុ ៣ឆ្នាំ លង់ទឹកស្រះស្លាប់។ ដោយសារសាកសពមានស្នាមរបួស ដោយសពបាក់ក មានស្នាមជាំក្រោមត្រចៀក និងក្រោមឆ្អឹងជំនីខាងស្តាំ ឆ្អឹងស្មាទាំងសងខាងភ្លាត់ចេញពីគ្នា និងមានលាមក ធ្វើឱ្យសមត្ថកិច្ចសង្ស័យ ក៏បើកការស៊ើបអង្កេត។
ជាជំហានដំបូង សមត្ថកិច្ចបានដាក់ការសង្ស័យលើជីតារបស់ជនរងគ្រោះ និងនាំជនសង្ស័យមកសួរនាំ នៅចំពោះសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានជ្រុលដៃសម្លាប់ជនរងគ្រោះពិតប្រាកដមែនដោយសារខឹងចៅលូកព្រីភ្លើងលេង។
តាមរបាយការណ៍របស់សមត្ថកិច្ចជនសង្ស័យដែលជាតា ដោយចៅមិនព្រមស្តាប់ខ្លួនក៏កើតចិត្តខឹងចៅរួចក៏យកខ្សែភ្លើងវាយចំនួន ២ខ្សែ វាយចៅធ្វើឱ្យចៅយំស្រែកយ៉ាងខ្លាំង ឃើញយំបែបនេះទើបខ្លួនទះមួយដៃចំក្រោមថ្គាម និងដងកផ្នែកខាងស្តាំមួយទំហឹង និងយកដៃទាំងសង្ខាងទៅចាប់ក្បាលមូលបង្វិលទៅផ្នែកខាងឆ្វេង រួចបោះទៅលើកម្រាលពូក។
ដោយចៅអាយុ ៣ឆ្នាំ នៅតែស្រែកយំទៀត លើកនេះជនសង្ស័យបានយកដៃចាប់ជនរងគ្រោះចំណុចក្រោមក្លៀកកន្ត្រាក់ឡើងលើ ហើយបោះទៅលើកម្រាលពូកបាត់មាត់ឈឹង។
ជនសង្ស័យបានយកដៃស្ទាបដង្ហើមឃើញថាចៅនៅមានដង្ហើម ក៏ចាប់បីជនរងគ្រោះដែលនៅមានដង្ហើមយកទៅទម្លាក់ចូលក្នុងស្រះដែលស្ថិតនៅចម្ងាយ ២៥០ម៉ែត្រពីផ្ទះ រួចដើរមកដេកនៅផ្ទះវិញធ្វើដូចធម្មតា។
លុះវេលាម៉ោង ១៧និង៣០នាទី ស្រាប់តែប្រពន្ធផ្អើលឆោឡោថា បាត់ចៅ រូបគេក៏ដើររក និងទៅស្រង់ចៅចេញពីទឹកស្រះ យកមកផ្ទះវិញដោយប្រាប់ប្រពន្ធថា ចៅលង់ទឹកស្លាប់ហើយ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕