អាមេរិក៖ ក្រុមហ៊ុន Airbnb នៅថ្ងៃអង្គារម្សិលមិញនេះបានរាយការណ៍អំពីរបាយការណ៍ប្រាក់ចំណេញប្រចាំឆ្នាំដំបូងរបស់ខ្លួន ជាមួយនឹងប្រាក់ចំណូលដែលបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៣ខែចុងក្រោយនៃឆ្នាំ២០២២ ខណៈដែលការកក់ការធ្វើដំណើរបានមានសន្ទុះងើបឡើងវិញ។
ក្រុមហ៊ុនសេវាកម្មជួលផ្ទះ និងកក់ការស្នាក់នៅលើប្រព័ន្ធអនឡាញនេះបានបញ្ជាក់ថា ក្រុមហ៊ុនខ្លួនទទួលបានប្រាក់ចំណេញប្រមាណ ៣១៩លានដុល្លារអាមេរិកនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២២ ខណៈប្រាក់ចំណូលសរុបមានប្រមាណជាជិត ២ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុន Airbnb បានបញ្ចប់ឆ្នាំ២០២២ ជាមួយប្រាក់ចំណូល ១,៩ពាន់លានដុល្លារអាមេរិក ដែលថយចុះប្រមាណ ៣៥២លានដុល្លារអាមេរិក។ ប៉ុន្តែយ៉ាងណាមិញ ក្រុមហ៊ុនដែលមានមូលដ្ឋានទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូមួយនេះបញ្ជាក់ថា ក្រុមហ៊ុនពិតជារីករាយក្នុងការបន្តរកចំណូលបានយ៉ាងរឹងមាំនៅក្នុងដើមឆ្នាំ២០២៣នេះ។ ក្រោយការប្រកាសពីប្រាក់ចំណូល និងប្រាក់ចំណេញនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Airbnb នៅលើទីផ្សារបានកើនឡើងប្រមាណជា ៩ភាគរយ។
គួរបញ្ជាក់ថា ចំណូលរបស់ក្រុមហ៊ុនបានស្ទុះកើនឡើងវិញ ក្រោយពេលដែលមនុស្សម្នាបានចាប់ផ្តើមឆ្លងដែន និងធ្វើដំណើរក្រៅប្រទេសឡើងវិញ និងការកក់ការស្នាក់នៅឡើងវិញ ដែលជាអ្វីដែលហៅថាជាគោលបំណងធំបំផុតរបស់ក្រុមហ៊ុននេះ។ គួររំឮកថា កាលពីពាក់កណ្តាលឆ្នាំ២០២០ ក្រុមហ៊ុនមួយនេះបានកាត់បន្ថយបុគ្គលិក ១/៤ ឬស្មើនឹងជាង ១,៩០០នាក់ ដោយសារចំណូលធ្លាក់ចុះបណ្តាលមកពីវិបត្តិកូវីដ-១៩៕