អន្តរជាតិ៖ ឥណ្ឌូណេស៊ី និងចិន បានឯកភាពលើកិច្ចព្រមព្រៀងមួយក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ១,២ពាន់លានដុល្លារអាមេរិក ដើម្បីស្ថាបនាខ្សែរថភ្លើងល្បឿនលឿនមួយចេញពីរដ្ឋធានីចាកាតា (Jakarta) ទៅកាន់ទីក្រុង បានដុង (Bandung) ដែលរថភ្លើងមួយខ្សែនេះនឹងក្លាយជារថភ្លើងល្បឿនលឿនបំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍ ក្រោយចំណាយពេលសាងសង់រួចរាល់នៅប៉ុន្មានខែខាងមុខនេះ។
ដំបូងបង្អស់ផ្លូវរថភ្លើងមួយខ្សែនេះត្រូវបានគេរំពឹងថានឹងចំណាយថវិការប្រមាណជា ៤,៤ពាន់លានដុល្លារអាមេរិក នៅពេលដែលគំរោងនេះចាប់ផ្តើមសាងសង់ដំបូងនៅឆ្នាំ២០១៥។ យ៉ាងណាក្តី ក្រោយមកក្រុមហ៊ុន PT KCIC ដែលជាសម្ព័ន្ធក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌូនេស៊ី និងចិនដែលទទួលបន្ទុកសាងសង់ផ្លូវរថភ្លើងនេះបាននិយាយថា អំឡុងពេលក្រោយៗមក តម្លៃនៃការសាងសង់ផ្លូវរថភ្លើងនេះបានកើនឡើងដល់ជាង ៧,៤ពាន់លានដុល្លារអាមេរិក។
ថ្លែងក្នុងសភាកាលពីថ្ងៃចន្ទ (១៣កុម្ភៈ) អនុរដ្ឋមន្ត្រីនៃសហគ្រាសរដ្ឋ លោក Kartika Wirjoatmodjo មានប្រសាសន៍ថា កញ្ចប់ថវិការបន្ថែមចំនួន ១,២ពាន់លានដុល្លារត្រូវបានព្រមព្រៀងគ្នារវាងចិន និងឥណ្ឌូណេស៊ី ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីមួយរយៈមុន។ យ៉ាងណាក្តី លោកមិនបានបញ្ជាក់ច្បាស់ថាកិច្ចប្រជុំនោះបានធ្វើឡើងនាពេលណានោះទេ។ លោកបន្ថែមថា បច្ចុប្បន្ននេះភាគីទាំងពីរកំពុងស្ថិតក្នុងការចរចាលើលក្ខខណ្ឌនៃប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ចិន (CDB) ដែលរំពឹងថានឹងត្រូវដោះស្រាយចប់ក្នុងរយៈពេលមួយឬពីរសប្តាហ៍ខាងមុខ។ ដូច្នេះគម្រោងរថភ្លើងលឿនអាចបញ្ចប់ទៅតាមពេលវេលាកំណត់គឺខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៣។
គម្រោងផ្លូវដែកនេះមានប្រវែងប្រមាណ ១៤២គីឡូម៉ែត្រ តភ្ជាប់រដ្ឋធានីចាកាតា ទៅកាន់ទីក្រុងបានដុង ដែលពីរដ្ឋធានីទៅកាន់ខេត្តនៅជាប់ភាគខាងលិចរបស់ខ្លួននេះ ចំណាយពេលប្រហែល ៤០នាទីប៉ុណ្ណោះ ខណៈការធ្វើដំណើរតាមរថភ្លើងនាពេលបច្ចុប្បន្នចំណាយពេលរហូតដល់ជាង ៣ម៉ោងឯណោះ។ គម្រោងនេះដើមឡើងគ្រោងបញ្ចប់នៅឆ្នាំ២០១៩ ប៉ុន្តែត្រូវអាក់ខានទៅវិញដោយសារការដោះស្រាយទំនាស់ដីធ្លីដែលប៉ះពាល់ និងបញ្ហាកូវីដ-១៩។ គម្រោងរថភ្លើងល្បឿនលឿននេះក៏ជាផ្នែកមួយនៃគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ក្នុងប្រទេសឥណ្ឌូណេស៊ីផងដែរ៕