សហរដ្ឋអាមេរិក៖ ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ (ម៉ោងនៅសហរដ្ឋអាមេរិក) នៅក្នុងអគារធំនៃសកលវិទ្យាល័យរដ្ឋមីឈីហ្គេន (Michigan State University) ដែលបណ្តាលឱ្យមនុស្សចំនួន ៣នាក់់បានស្លាប់ និងមនុស្សចំនួន ៥នាក់ផ្សេងទៀតបានរងរបួស មុនពេលដែលគេប្រទះឃើញខ្មាន់កាំភ្លើងរូបនេះដេកស្លាប់នាប៉ុន្មានម៉ោងក្រោយមក ដែលប៉ូលិសន្និដ្ឋានជាដំបូងថាជាការបាញ់សម្លាប់ខ្លួនឯង។
បើតាមការបញ្ជាក់ដោយសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យបានបើកការប្រហារក្នុងអគារសិក្សាមួយនៃសាកលវិទ្យាល័យ នៅវេលាម៉ោងប្រមាណ ៨យប់ (ម៉ោងនៅអាមេរិក) មុនពេលដែលខ្មាន់កាំភ្លើងរូបនេះបន្តដើរទៅអគារមួយក្បែរនោះនិងធ្វើការបាញ់រះជាច្រើនគ្រាប់ទៀត។
ប៉ូលិសនៃសាកលវិទ្យាល័យរដ្ឋ Michigan និយាយថា មានមនុស្ស ៣នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ ក្នុងនោះមានជនរងគ្រោះចំនួន ៥នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ប្រភពដដែលបានបន្ថែមថា ក្នុងនោះមានជនរងគ្រោះមួយចំនួនស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរដែលអាចប្រឈមនឹងការបាត់បង់ជីវិតគ្រប់ពេល។
សមត្ថកិច្ចក៏បាននិយាយផងដែរថា ភ្លាមៗក្រោយកើតហេតុការស៊ើបអង្កេតត្រូវបានបើកភ្លាមៗ ដែលជាបឋមគេមិនទាន់មានតម្រុយណាមួយពាក់ព័ន្ធនឹងការបាញ់ប្រហារនេះទេ ខណៈសកលវិទ្យាល័យនេះផ្ទាល់ក៏មិនដែលទទួលបានការគំរាមកំហែងណាមួយមុនពេលហេតុការណ៍បាញ់ប្រហារនេះកើតឡើងដែរ។ ក្រោយជនសង្ស័យម្នាក់បានប្រទះឃើញស្លាប់នៅប្រហែល ៤ម៉ោងក្រោយហេតុការណ៍កើតឡើង ប៉ូលិសបញ្ជាក់ថាគ្មានការគំរាមកំហែង ឬព្រួយបារម្ភណាមួយកើតឡើងឡើយ ដែលប៉ូលិសជឿជាក់ថាជនសង្ស័យមានតែម្នាក់នេះប៉ុណ្ណោះ៕