សម្តេចតេជោ ធ្វើមាតុនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាពបន្ទាប់ពីបំពេញទស្សនកិច្ចនៅឡាវ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់ជាច្រើនរូបទៀត នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើមាតុនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីបំពេញទស្សនកិច្ចនៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវរយៈពេល ២ថ្ងៃប្រកបដោយលទ្ធផលផ្លែផ្កាត្រចេះត្រចង់។
ពេលទៅដល់ប្រទេសឡាវភ្លាម សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងតែសិក្សានៅប្រទេសឡាវចំនួន ៨រូប។
សម្តេចតេជោបានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជនឡាវដែលបានពលីជីវិតចំពោះបុព្វហេតុរំដោះជាតិ មាតុភូមិពីនឹមអាណានិគមរហូតប្រទេសជាតិ ទទួលបានឯករាជ្យយ៉ាងពេញលេញ នៅវិមានយុទ្ធជនពលីមិនស្គាល់ឈ្មោះ ក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ។ នាយករដ្ឋមន្ត្រីទាំងពីរបានអញ្ជើញក្នុងពិធីចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងឡាវ និង ផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និងឡាវ សម្រាប់ឆ្នាំ២០២៣-២០២៧។
ថ្នាក់ដឹកនាំទាំងពីរក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងឡាវ-កម្ពុជា ចុះហត្ថលេខាដោយលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងលោក សាលើមស គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនឡាវ។
នៅរសៀលថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane។
នៅល្ងាចថ្ងៃដដែល នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញថ្លែងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន បន្ទាប់ពីភាគីទាំងពីរបានបញ្ចប់កិច្ចពិភាក្សាទ្វេភាគី គ្រាដែលសម្តេចតេជោបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសឡាវ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតដែលមានឈ្មោះថា «មេដាយផូសៃឡានសាង» ពីប្រធានាធិបតីឡាវ លោក ថងលួន ស៊ីសូលីត កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ទន្ទឹមនេះអ្នកជំនួញកម្ពុជាចំនួន ៦រូបទៀតក៏ទទួលបានគ្រឿងឥស្សរិយយសផងដែរ។
នៅរាត្រីថ្ងៃទី១៣ ខែកុម្ភៈ នាយករដ្ឋមន្ត្រីឡាវ បានប្រារព្វរៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ៕