លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

កាកបាទក្រហមកម្ពុជានាំយកថវិកា ១០ម៉ឺនដុល្លារ ប្រគល់ជូនស្ថានទូតតួកគីប្រចាំកម្ពុជា ដើម្បីជួយដល់ពលរដ្ឋតួកគី ដែលជួបគ្រោះរញ្ជួយដី

ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី បានដឹកនាំគណៈប្រតិភូ ចូលរួមរំលែកទុក្ខ និងសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងនាំយកថវិកា ១០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមជាតិ អឌ្ឍចន្ទក្រហមតួកគី តាមរយៈ ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព សាធារណរដ្ឋតួកគីប្រចាំកម្ពុជា លោកស្រី អ៊ូឃូ ខូចាអេសហ្វេ (Ülkü Kocaefe) ក្នុងការជួយដល់ប្រជាពលរដ្ឋតួកគីដែលរងគ្រោះរញ្ជួយដីកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះដែរ អគ្គលេខាធិការ បានពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខ និងសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលមានការសោកស្តាយយ៉ាងខ្លាំងចំពោះសោកនាដកម្មនេះ។

ខ្លឹមសាររំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន៖ «ខ្ញុំមានការតក់ស្លុត និងសោកស្ដាយជាខ្លាំងចំពោះសោកនាដកម្មនៃការបាត់បង់ជីវិត និងការបំផ្លិចបំផ្លាញយ៉ាងធំធេង ដោយការរញ្ជួយដីកម្រិត ៧.៨ រិចទ័រ បានវាយប្រហារនៅភាគខាងត្បូងនៃប្រទេសទួកគី និងស៊ីរី កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣»។

ក្នុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្តថា «ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូន លោកជំទាវ ឯកអគ្គរដ្ឋទូត នូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ និងក្រុមគ្រួសារជនរងគ្រោះ ដែលពេលនេះកំពុងស្រែករកជំនួយ និងឧបត្ថម្ភ ទាំងខាងស្មារតី និងបច្ចេកទេស ក្នុងកាលៈទេសៈលំបាកបែបនេះ»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្ថែមថា ក្នុងស្មារតីនៃសាមគ្គីភាព និងការអាណិតអាសូរយ៉ាងជ្រាលជ្រៅជាមួយប្រជាជន តួកគី រដ្ឋាភិបាល និងសមាគមជាតិ អឌ្ឍចន្ទក្រហមតួកគី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបរិច្ចាគ មួយរយពាន់ (100 000) ដុល្លារអាមេរិក ដើម្បីគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមជាតិ អឌ្ឍចន្ទក្រហមតួកគី តាមរយៈស្ថានទូត នៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមមានប្រសាសន៍ថា៖ «ខ្ញុំនឹងចូលរួមជាមួយលោកជំទាវ ក្នុងការអំពាវនាវសុំជំនួយបន្ថែមទៀត និងអធិស្ឋានសម្រាប់ការសង្គ្រោះ និងការស្ដារឡើងវិញយ៉ាងឆាប់រហ័សនៃតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញ ព្រមទាំងសុខុមាលភាពរបស់ប្រជាជនតួកគី»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក