
លោកស្រី ពេជ ចន្ទមុន្នី៖ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងយកចិត្តទុកដាក់គិតគូរអំពីសុខុមាលភាពរបស់កម្មករ និងកម្មការិនី
ភ្នំពេញ៖ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) លោកស្រី ពេជ ចន្ទមុន្នី បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខុមាលភាពរបស់ជាកម្មករនិងកម្មការិនីជាប់ជាប្រចាំ ដើម្បីធានាយ៉ាងណាជួយសម្រាលបន្ទុកដល់ពួកគេនិងក្រុមគ្រួសារ។
លោកស្រីលើកឡើងបែបនេះ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នាឱកាសដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺរោគស្ត្រី និងស្ត្រីមានផ្ទៃពោះ ជូនដល់ប្រជាពលរដ្ឋដែលកំពុងបម្រើការងារនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកស្រី ពេជ ចន្ទមុន្នី បានបញ្ជាក់ថានេះគឺជាសកម្មភាពមនុស្សធម៌ក្នុងការចុះពិនិត្យព្យាបាលដល់បងប្អូនកម្មករ-កម្មការិនីដោយបេះដូង ទឹកចិត្ត និងស្នាមញញឹមរបស់ក្រុមគ្រូពេទ្យ កម្លាំងស្ម័គ្រចិត្ត និងក្រុមការងារ។
គួរឱ្យដឹងដែរថា តាមរបាយការណ៍ ក្រុមការងារគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA បានព្យាបាលអ្នកជំងឺបានចំនួនជិត ៤ ០០០នាក់ ក្នុងនោះករណីបញ្ជូនមកព្យាបាលបន្តមានចំនួន ១០៥ករណីដែលការចំណាយទាំងអស់ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕