ភ្នំពេញ៖ ឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍ ពេលនេះបានរកឃើញជ័យលាភីធីតាឯកសង្ក្រាន្តរដូវកាលទី៤ ឆ្នាំ២០២៣ ហើយដោយបានទៅលើកញ្ញាឯកតំណាងខេត្តសៀមរាប អ៊ិន ម៉ូលីកា ដែលកម្មវិធីប្រកួតផ្តាច់ព្រ័ត្រធីតាឯកសង្ក្រាន្តឆ្នាំ២០២៣ ប្រព្រឹត្តិទៅកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រោយទទួលបានជ័យលាភី ធីតាឯកសង្ក្រាន្តរូបនេះបានបង្ហាញការអារម្មណ៍ត្រេកអរ និងតាំងចិត្តថានឹងលើកស្ទួយវប្បធម៌ខ្មែរឱ្យកាន់ទូលំទូលាយ។
កញ្ញាថា៖ «នាងខ្ញុំ អ៊ិន ម៉ូលីកា ពិតជាមានកិត្តិយសដ៏ធំបំផុតសម្រាប់ការតំណាងអោយខេត្តសៀមរាប ហើយនៅក្នុងរាត្រីនេះផងដែលនាងខ្ញុំក៏បានជាប់ជាធីតាឯកសង្ក្រាន្តនៅក្នុងឆ្នាំ២០២៣នេះ នាងខ្ញុំនឹងខិតខំលើកស្ទួយនូវវិស័យវប្បធម៌នៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែទូលំទូលាយជាងនេះ»។
គួរឱ្យដឹងដែរថា ក្រៅពីជ័យលាភីធីតាឯកសង្ក្រាន្ត ក៏មានជ័យលាភីលំដាប់រង៦រូបទៀតដែលនឹងត្រូវក្លាយជាតួអង្គតំណាងឱ្យទេពធីតាទាំង៧អង្គជាបុត្រីកបិលមហាព្រហ្មតាំងអស់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៣៕