ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

KOICA ទម្លាក់ថវិកា ១០លានដុល្លារសម្រាប់អនុវត្តគម្រោង «កសាងភូមិសន្តិភាព» នៅខេត្តចំនួន៣

បន្ទាយមានជ័យ៖ ទីភ្នាក់ងារអភិវឌ្ឍន៍កូរ៉េ KOICA នឹងទម្លាក់ថវិកាចំនួន ១០លានដុល្លារអាមេរិកសម្រាប់អនុវត្ត «ការកសាងភូមិសន្តិភាព តាមរយៈការ អភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ» ចំនួន៣ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តប៉ៃលិន។

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ អនុប្រធាន KOICA លោក Yonghwa SHIN រួមនឹងក្រុមការងារប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យស្តីពីការអនុវត្តគម្រោងនេះ។

អនុប្រធាន KOICA លោក Yonghwa SHIN បានថ្លែងឱ្យដឹងថា ការអនុវត្តគម្រោង «ការកសាងភូមិសន្តិភាព តាមរយៈការ អភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ» គឺជាការអភិវឌ្ឍប្រកបដោយនិរន្ត៍ភាព និងបរិយាប័ន ក្នុងតំបន់ជនបទ នៃភាគពាយ័យ្យនៃប្រទេសកម្ពុជា ដោយមានកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។

បើតាមលោកអនុប្រធាន KOICA ការអនុវត្តគម្រោងនេះមាន៣គោលដៅ គឺទី១ ធ្វើឱ្យប្រសើរឡើងនូវបរិស្ថាន មូលដ្ឋានក្នុងតំបន់ជនបទ ហើយនឹងពង្រឹងអំណាចប្រជាជន។ ទី២ គឺបង្កើនប្រាក់ចំណូលផ្នែកកសិកម្ម នៅក្នុងតំបន់ជនបទ និងទី៣ គឹអភិបាលកិច្ចល្អនៃការអភិវឌ្ឍន៍នៅជនបទ។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ បានបង្ហាញការគាំទ្រជាមួយនឹងគម្រោងនេះ ដោយបានបញ្ជាក់ថាការបង្កើតនូវគម្រោងនេះ គឺជាចំណែកមួយជួយដល់ការអភិវឌ្ឍន៍នៅមូលដ្ឋាន ពិសេសជួយបង្កើនការងារជូនប្រជាពលរដ្ឋនៅតាមជនបទ និងជួយកាត់បន្ថយការចំណាកស្រុករបស់ពលរដ្ឋទៅធ្វើការនៅប្រទេសថៃ។

គូសបញ្ជាក់ថា ការអនុវត្តគម្រោង «ការកសាងភូមិសន្តិភាព តាមរយៈការ អភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ» ក្នុងខេត្តចំនួន៣ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៦។ ក្នុងការអនុវត្តគម្រោងនៅក្នុងខេត្តបន្ទាយមានជ័យ អនុវត្តលើស្រុក២ គឺស្រុកស្វាយចេក និងស្រុកម៉ាឡៃ ដោយមន្ទីរអភិវឌ្ឍជនបទខេត្ត ជួយសម្របសម្រួលលើគម្រោងនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក