អង់គ្លេស៖ ស្ថាប័នគ្រប់គ្រងការប្រកួតបាល់ទាត់ Professional Game Match Officials Limited (PGMOL) បានបញ្ជាក់កាលពីយប់មិញថា ការសម្រេចសេចក្តីដោយប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្តាល (VAR) ក្នុងការប្រកួតរវាងក្រុមកាំភ្លើងធំ Arsenal និងក្រុមរំពេរសមុទ្រ Brighton & Hove Albion កាលពីថ្ងៃសៅរ៍សប្តាហ៍មុន គឺជាកំហុសដោយមន្រ្តីគ្រប់គ្រងផ្ទាល់តែម្តង។
គ្រាប់បាល់តាមស្មើរបស់ Ivan Toney សម្រាប់ក្រុម Brentford ដែលធ្វើឱ្យ Arsenal បាត់បង់២ពិន្ទុ និងធ្វើឱ្យការប្រជែងជើងឯកកាន់តែតានតឹង ប៉ុន្តែគ្រាប់បាល់នោះត្រូវបានគេមើលឃើញថាជាគ្រាប់បាល់ Off-Side ដោយការ Build-Up ឡើងមក ដែលធ្វើឱ្យលោក Mikel Arteta បានចោទប្រកាន់ទៅលើមន្រ្តីអាជ្ញាកណ្តាលថាធ្វើឱ្យប៉ះពាល់ដល់ច្បាប់ប្រកួត។ គ្រាប់បាល់នេះ Arteta បានលើកឡើងថា វាគួរតែជាគ្រាប់បាល់ Offside ដោយជំហររបស់ Ethan Pinnock រារាំងទៅលើខ្សែការពារ Gabriel Magalhaes ខណៈគ្រាប់បាល់ Free Kick បង្កើតឱកាសឱ្យ Ivan Toney ទាត់បាល់បញ្ចូលទីបានសម្រេច។
ស្ថាប័នខាងលើបានបញ្ជាក់ថា PGMOL សុំបញ្ជាក់ថាប្រធានផ្នែកអាជ្ញាកណ្តាលលោក Howard Webb បានទាក់ទងទៅកាន់ក្លិបទាំងពីរគឺ Arsenal និង Brighton & Hove Albion រួចរាល់ហើយ ដើម្បីទទួលស្គាល់ និងពន្យល់ពីកំហុសសំខាន់ៗនៅក្នុងដំណើរការ VAR ក្នុងការប្រកួត Premier League រៀងៗខ្លួនកាលពីថ្ងៃសៅរ៍។ ឧប្បត្តិហេតុទាំងពីរដែលកើតឡើងដោយសារកំហុសរបស់មន្រ្តីគ្រប់គ្រងការប្រកួត និងទាក់ទងនឹងការវិភាគនៃស្ថានភាព Off-Side ដែលកំពុងត្រូវបានពិនិត្យយ៉ាងម៉ត់ចត់ដោយ PGMOL។
គួរបញ្ជាក់ថា លោក Howard Webb ជាអតីតអាជ្ញាកណ្តាលនៃក្របខណ្ឌ Premier League ត្រូវបានតែងតាំងជាប្រធានទទួលបន្ទុកការិយាល័យអាជ្ញាកណ្តាលក្នុងស្ថាប័ន PGMOL នារដូវកាលនេះ។ មុនមកកាន់តំណែងនេះ លោកបានបំពេញការងារជាមួយស្ថាប័នអាជ្ញាកណ្តាលអាជីព (PRO) នៃក្របខណ្ឌ Major League Soccer អាមេរិក ជាអ្នកគ្រប់គ្រងប្រតិបត្តិការជំនួយការអាជ្ញាកណ្តាលវីដេអូ (VAR) មុនពេលចូលកាន់តួនាទីជាអ្នកគ្រប់គ្រងទូទៅរបស់ PRO៕