បន្ទាយមានជ័យ៖ អគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋចំនួន ១១ល្វែងស្ថិតនៅខាងលិចស្តុបអេស៊ីលីដា ៧០ម៉ែត្រក្រុងប៉ោយប៉ែតនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
អគ្គិភ័យនោះបានផ្តើមចេញពីផ្ទះលក់កុំព្យូទ័រ NTC ចំនួន ៣ល្វែង និងបន្តរាលដាលឆេះផ្ទះលក់គ្រឿងអេឡិចត្រូនិចចំនួន ២ល្វែង បន្តរាលដាលឆេះផ្ទះអ្នកលក់គ្រឿងអគ្គិសនី ២ល្វែងទៀត ហើយភ្លើងក៏បន្តឆាបឆេះដល់អ្នកលក់កង់ឡានចំនួន ២ល្វែង និងម៉ាតចំនួន ២ល្វែងទៀត សរុបទាំងអស់ចំនួន ១១ល្វែង មាន៥ម្ចាស់។
អគ្គិភ័យឆាបឆេះភ្លាមៗ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី និងអភិបាលក្រុងប៉ោយប៉ែត ព្រមទាំងកងកម្លាំងចម្រុះបានមកជួយអន្តរាគមន៍ជួយកសម្ភារទ្រព្យសម្បត្តិប្រជាពលរដ្ឋចេញក្រៅ និងបាញ់ពន្លត់។
អគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង ៨ព្រឹក ដោយប្រើរថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងទើបអាចគ្រប់គ្រងស្ថានការបាន។
ជុំវិញករណីអគ្គិភ័យនេះ សមត្ថកិច្ចមិនទាន់ដឹងថាមូលហេតុគឺបណ្តាលមកពីអ្វីនៅឡើយទេ។ ប៉ុន្តែបើយោងតាមប្រភពព័ត៌មាន គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ តែយ៉ាងណា ក្នុងហេតុការណ៍នោះពុំបានបណ្តាលឱ្យមនុស្សរងគ្រោះឡើយ៕