ភ្នំពេញ៖ ទីបំផុតស្ថាប័នព័ត៌មានអនឡាញ VOD បានចេញលិខិតសុំទោសជាផ្លូវការហើយបន្ទាប់ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ព្រមានដកអាជ្ញាប័ណ្ណក្រោយពីសារព័ត៌មានមួយនេះចុះផ្សាយព័ត៌មានមិនពិតប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។
ក្នុងលិខិតមួយច្បាប់ផ្ញើជូននាយករដ្ឋមន្ត្រីកម្ពុជាចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រធានស្ដីទីមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលជាអង្គការគ្រប់គ្រងសារព័ត៌មានអនឡាញ VOD លោកស្រី ឆន សុគន្ធ បានបញ្ជាក់ថា វីអូឌី ពិតជាមានការសោកស្តាយជាពន់ពេកចំពោះការផ្សព្វផ្សាយព័ត៌មានដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលដែលមានសម្ដេចជាប្រមុខដឹកនាំ។
លោកស្រីបន្តថា៖ «វីអូឌី សូមទោសសម្តេចផ្ទាល់ក៏ដូចជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះការផ្សាយអត្ថបទព័ត៌មាននោះ។ សូមសម្តេចនាយករដ្ឋមន្ត្រីមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ»។
គួរឱ្យដឹងផងដែរថាចាប់ពីថ្ងៃទី៩ ខែកុម្ភៈ សារព័ត៌មាន VOD ខេមរៈភាសាបានផ្សាយព័ត៌មានថាលោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួសនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ក្នុងការផ្ដល់ជំនួយទៅកាន់ប្រទេសតួកគី។
ការនេះបានបង្កឲ្យមានការច្រានចោលពីលោក ហ៊ុន ម៉ាណែត ផ្ទាល់ហើយបន្ទាប់ពីនាយករដ្ឋមន្ត្រីសម្ដេចតេជោបានអញ្ជើញមកដល់កម្ពុជា សម្ដេចក៏បានប្រកាសទុកពេល ៧២ម៉ោងឲ្យសារព័ត៌មានមួយនេះចេញមុខសុំទោសចំពោះរាជរដ្ឋាភិបាលនិងលោក ហ៊ុន ម៉ាណែត ផងដែរ។
បន្ថែមលើនេះសម្ដេចតេជោបានសរសេរនៅលើហ្វេសប៊ុករបស់សម្ដេចនៅថ្ងៃទី១២ ខែកុម្ភៈ ដោយបាននកាត់បន្ថយពេលមកត្រឹម ២៤ម៉ោងប៉ុណ្ណោះ។
ក្រោយពីទទួលបានការព្រមាន VOD បានផ្ញើលិខិតមួយច្បាប់ជូនសម្ដេចតេជោ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ បើទោះជាយ៉ាងណាក្នុងលិខិតនោះបានប្រើប្រាស់ពាក្យសោកស្ដាយជំនួសពាក្យសុំទោសវិញ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថាសម្ដេចមិនអាចទទួលយកបានឡើយនូវការបង្ហាញការសោកស្តាយ និងសុំអធ្យាស្រ័យពីវិទ្យុ VOD ជំនួសនូវពាក្យ «សុំទោស» ហើយសម្តេចសម្រេចបញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD ដោយត្រូវបញ្ចប់ការផ្សាយចាប់ពីថ្ងៃស្អែកព្រឹកម៉ោង១០ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ។
ទោះជាយ៉ាងណាមិនទាន់មានការសម្រេចថ្មីពីសម្ដេចតេជោ ហ៊ុន សែន លើជោគវាសនានៃសារព័ត៌មានអនឡាញមួយនេះនៅឡើយទេ៕