ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ករណីប្រើភាសាការទូតជំនួសពាក្យ «សូមទោស» រដ្ឋមន្ត្រីព័ត៌មានឲ្យស្ថាប័នព័ត៌មានផ្សេងចាត់ទុកករណីបិទ VOD ជាមេរៀន

ភ្នំពេញ៖ ជាង១ម៉ោងក្រោយការប្រកាសរបស់នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ឲ្យបញ្ជាបិទសារព័ត៌មាន VOD រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចេញសារមួយដែរ ដោយសរសេរថា នេះជាមេរៀនដល់ស្ថាប័នផ្សព្វផ្សាយព័ត៌មានឯទៀត ដែលប្រើភាសាការទូតជំនួសពាក្យ «សូមទោស»។

លើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន លោករដ្ឋមន្ត្រីសរសេរដូច្នេះ៖ «តំណក់ចុងក្រោយដែលធ្វើអោយទឹកហៀរចេញពីធុង! មិនដឹងអ្នកណាជាអ្នកអោយយោបល់ VOD! តែមានតែស្ថានទូតទេ ដែលប្រឹងចៀសមិនប្រើពាក្យ «សូមទោស»! ស្ថាប័នកាសែតប្រើភាសាទូតទោះចង់ជួយក៏ពិតជាយ៉ាប់ហើយ!»។

យ៉ាងណាក៏ដោយករណីនេះ លោករដ្ឋមន្ត្រី បានក្រើនរំលឹកថា នេះក៏ជាមេរៀនដល់ស្ថាប័នផ្សព្វផ្សាយព័ត៌មានឯទៀតដែរ ហើយស្ថាប័នដែលមិនព្រមចុះការបំភ្លឺរបស់គេអាចប្រឈមនឹងការដកអាជ្ញាប័ណ្ណដូចគ្នា។

សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មិនអាចទទួលយកបានឡើយនូវការបង្ហាញការសោកស្តាយ និងសុំអធ្យាស្រ័យពីវិទ្យុ VOD ជំនួសនូវពាក្យសុំទោស ហើយសម្តេចសម្រេចបញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD ដោយត្រូវបញ្ចប់ការផ្សាយចាប់ពីថ្ងៃស្អែកព្រឹកម៉ោង១០ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក