សម្តេចតេជោមិនអាចទទួលយកនូវការសុំការសោកស្តាយ និងសុំអធ្យាស្រ័យជំនួសការសុំទោស ហើយបញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មិនអាចទទួលយកបានឡើយនូវការសុំអធ្យាស្រ័យពីវិទ្យុ VOD ហើយសម្តេចសម្រេចបញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD ដោយត្រូវបញ្ចប់ការផ្សាយចាប់ពីថ្ងៃស្អែកព្រឹកម៉ោង១០ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ។
ទោះបីទទួលបានលិខិតបង្ហាញការសោកស្ដាយ និងសុំអធ្យាស្រ័យពីវិទ្យុ VOD សម្តេចតេជោ សម្រេចរក្សាបទបញ្ជាឲ្យលុបអាជ្ញាប័ណ្ណស្ថាប័នសារព័ត៌មាន VOD ដដែល។
សម្តេចបានសរសេរក្នុងហ្វេសប៊ុកផ្លូវការដូច្នេះថា៖ «តើការប្រើពាក្យសោកស្តាយនិងសូមអធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្រាប់ខ្ញុំមិនអាចទទួលយកបានឡើយ។ ដើម្បីកុំឲ្យវែងឆ្ងាយខ្ញុំសម្រេចមិនទទួលយកការសំដែងការសោកស្តាយនិងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោសរបស់អស់លោកដែលជាសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់អស់លោកនោះឡើយ»។
ចាប់ពីថ្ងៃស្អែកព្រឹកម៉ោង១០ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ ការផ្សាយរបស់ VOD នឹងត្រូវបញ្ចប់ ហើយសម្ដេចនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យសាលារាជធានីភ្នំពេញនិងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។ សម្ដេចសង្កត់ធ្ងន់ថា៖ «យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះតែយើងមិនប៉ៈពាល់ទ្រព្យសម្បត្តិរបស់គេទេ»៕