ម៉ិកស៊ិក៖ សហព័ន្ធបាល់ទាត់ម៉ិកស៊ិក បានប្រកាសតែងតាំងបុរសសញ្ជាតិអាហ្សង់ទីន Diego Cocca ក្នុងតំណែងជាគ្រូបង្គោលក្នុងកិច្ចសន្យាដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៦ ក្រោយការចាកចេញពីតំណែងរបស់លោក Gerardo Martino។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ម៉ិកស៊ិក (FMF) បញ្ជាក់នៅចុងសប្តាហ៍នេះ។
លោក Cocca ដែលមានវ័យ៥០ឆ្នាំ បានបន្តតំណែងក្រោយពេលដែលកិច្ចសន្យារបស់លោក Gerardo Martino បានផុតសុពលភាពក្រោយពេលដែលលោកមិនអាចដឹកនាំក្រុមឆ្លងផុតវគ្គចែកពូលនៃព្រឹត្តិការណ៍ FIFA World Cup ២០២២ ដែលមានន័យថាម៉ិកស៊ិកនៅតែមិនអាចឆ្លងផុតវគ្គចែលពូលបានឡើយ រាប់តាំងពីឆ្នាំ១៩៧៨។
នាយកនៃក្រុមជម្រើសជាតិម៉ិកស៊ិក លោក Rodrigo Ares de Parga បានបញ្ជាក់ថា លោក Diego បានបង្ហាញចំណាប់អារម្មណ៍ក្នុងការដឹកនាំក្រុមជម្រើសជាតិ ហើយសហព័ន្ធមានភាពរីករាយក្នុងការបង្ហាញវត្តមានលោកជាមួយក្រុមជម្រើសជាតិម៉ិកស៊ិក។ គួរបញ្ជាក់ថា ការប្រកាសជាផ្លូវការនេះបានធ្វើឡើងត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្លិបធំរបស់ម៉ិកស៊ិកគឺ Tigres UANL បានប្រកាសពីការចែកផ្លូវជាមួយលោក Cocca ស្របពេលលោកទើបចូលមកដឹកនាំបាន ៣ខែប៉ុណ្ណោះ ខណៈដែលលោកបានបញ្ជាក់ប្រាប់ក្លិបថា លោកសម្រេចចិត្តកាន់តំណែងជាគ្រូបង្វឹកជម្រើសជាតិម៉ិកស៊ិក។
អតីតអ្នកចាត់ការក្លិបជាច្រើននៅអាហ្សង់ទីន និងម៉ិកស៊ិកដែលរួមមានទាំងការដឹកនាំក្លិបយក្ស Racing នៅអាហ្សង់ទីន និងភាពជោគជ័យនៃការដឹកនាំក្លិប Atlas ឈ្នះពាន ២រដូវកាលជាប់ៗគ្នា ដែលជាការឈ្នះពានលើកដំបូងក្នុងពេលជាង ៧០ឆ្នាំរបស់ក្លិប បានក្លាយជាបេក្ខភាពគួរឱ្យចាប់អារម្មណ៍សម្រាប់តំណែងជាគ្រូបង្វឹកជម្រើសជាតិម៉ិកស៊ិក។ ម៉ិកស៊ិកកំពុងឈានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន CONCACAF Nations League នាខែមិថុនា និងការប្រជែងពាន Gold Cup សាជាថ្មីម្តងទៀត ដែលព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា បន្ទាប់ពីម៉ិកស៊ិកចាញ់អាមេរិកនៅវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០២១។
ម៉ិកស៊ិក កាណាដា និងអាមេរិក នឹងរួមគ្នាជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦៕