អ៊ុយក្រែនបន្តបណ្តេញថ្នាក់ដឹកនាំជាន់ខ្ពស់ ខណៈប្រធានាធិបតីថានេះជាការបោសសម្អាតក្បាលម៉ាស៊ីនរដ្ឋាភិបាល
អ៊ុយក្រែន៖ លោកប្រធានាធិបតី Volodymyr Zelenskyy នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានបញ្ចេញនូវអនុក្រឹត្យមួយបណ្តេញឥស្សរជនជាន់ខ្ពស់ទទួលបន្ទុកផ្នែកសន្តិសុខម្នាក់ ហើយលោកបាននិយាយដាច់ដោយឡែកថា ការជំរុញរបស់គាត់ក្នុងការបោសសម្អាតក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលនឹងនៅបន្ត។
អាជ្ញាធរបានបណ្តេញមន្ត្រីរាប់សិបនាក់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយបានបើកការស៊ើបអង្កេតជាផ្នែកមួយនៃការជំរុញយ៉ាងទូលំទូលាយប្រឆាំងនឹងការប្រព្រឹត្តខុសឆ្គងរបស់់មន្រ្តីនានា។ សហភាពអឺរ៉ុបនិយាយថា ការដោះស្រាយបញ្ហាអំពើពុករលួយ គឺជាលក្ខខណ្ឌដែលតម្រូវសម្រាប់អ៊ុយក្រែនក្នុងការចូលរួមជាសមាជិកក្នុងប្លុកសហភាពអឺរ៉ុបដែលមានសមាជិក២៧ប្រទេស។
គួរបញ្ជាក់ថា លោក Zelenskyy បានបណ្តេញលោក Ruslan Dziuba ចេញពីតំណែងជាមេបញ្ជាការរងនៃកងកម្លាំងឆ្មាំជាតិ នេះបើយោងតាមក្រឹត្យខ្លីមួយដែលចេញដោយការិយាល័យប្រធានាធិបតី។ យ៉ាងណាមិញ ការប្រកាសបណ្តេញមន្រ្តីជាន់ខ្ពស់នេះមិនត្រូវបានបញ្ជាក់ពីហេតុផលច្បាស់លាស់ណាមួយទេ។ លោក Zelenskyy ថ្មីៗនេះបានសង្កត់ធ្ងន់ជុំវិញការបោសសម្អាតក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល ជាពិសេសទៅលើវិស័យការពារជាតិអំឡុងពេលដែលប្រទេសកំពុងញាំញីទៅដោយសង្គ្រាម និងការឈ្លានពានពីប្រទេសរុស្សី។
ទំនងជាសំដៅលើការបង្រ្កាបនោះ លោកប្រធានាធិបតីបានមានប្រសាសន៍ថា៖ "សកម្មភាពទាំងអស់នេះ មិនមែនគ្រាន់តែធ្វើមួយភ្លែតៗ ឬជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌណាមួយទេ ប៉ុន្តែរដ្ឋនឹងបន្តធ្វើទំនើបកម្មស្ថាប័នរបស់ខ្លួន ហើយភាពបរិសុទ្ធក្នុងការងារនៃរចនាសម្ព័ន្ធរបស់រដ្ឋត្រូវតែធានាឱ្យបាន"។ ដោយឡែក រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីរាប់រយនាក់នៅក្រសួង ឬនៅក្នុងកងកម្លាំងប្រដាប់អាវុធត្រូវបានដាក់ពិន័យកាលពីឆ្នាំមុន បន្ទាប់ពីមានការធ្វើសវនកម្មផ្ទៃក្នុង ហើយបាននិយាយថាលោកគ្មានការអត់ឱនណាមួយចំពោះអំពើពុករលួយឡើយ៕