អ្នកនាំពាក្យរាជរដ្ឋាភិបាលច្រានចោលការចុះផ្សាយថាប្រធានអង្គភាពនេះបាននិយាយរឿងលោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួសនាយករដ្ឋមន្ត្រី
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ប្រធានអង្គភាពលោក ផៃ ស៉ីផាន ពុំបានលើកឡើងថាលោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួស សម្តេចតេជោ នាយករដ្ឋមន្ត្រីឡើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែកុម្ភៈ អង្គភាពនេះបានបញ្ចាក់ថា៖ «ព័ត៌មានទាំងឡាយដែលថា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើឯកសារផ្ដល់ជំនួយជាការលើកឡើងរបស់អ្នកកាសែត ដែលគ្មានប្រភព ព័ត៌មានពិតប្រាកដ។ ដូចនេះ ព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយដោយវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) គឺជា ព័ត៌មានចចាមអារ៉ាម និងជាព័ត៌មានប្រឌិតក្លែងក្លាយ ដែលបំផុសឡើងដោយអ្នកសារព័ត៌មានវិទ្យុនេះតែប៉ុណ្ណោះ»។
ការប្រកាសនេះគឺបន្ទាប់ពីសារព័ត៌មានអនឡាញ VOD កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះផ្សាយដោយបានសរសេរថាខ្លួនបានយោងលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់អំពីការផ្ដល់ជំនួយទៅកាន់ប្រទេសទួកគីដែលលោកថាការចុះហត្ថលេខាផ្ដល់ជំនួយដោយលោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសតួកគីជំនួសសម្ដេចតេជោគឺមិនខុសនោះទេ។
សារព័ត៌មានដដែលនេះបានបញ្ជាក់ថា៖ «ការលើកឡើងផ្ទុយគ្នានេះធ្វើឡើងក្រោយរដ្ឋាភិបាលកម្ពុជាប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគី ដែលកំពុងរងគ្រោះរញ្ជួយដី ដោយក្នុងនោះ លោក ហ៊ុន ម៉ាណែត បានតំណាងឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការចុះហត្ថលេខាផ្តល់ជំនួយ ខណៈលោក ហ៊ុន សែន កំពុងកាន់មរណទុក្ខចំពោះការបាត់បង់ប្អូនថ្លៃស្រី»។
ការចុះផ្សាយនេះបានធ្វើឲ្យលោក ហ៊ុន ម៉ាណែត ថាជារឿងមិនពិតស្នើឲ្យ VOD បង្ហាញភស្ភុតាង និងសុំទោសព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំអោយសាធារណៈមតិមានការយល់ច្រឡំក្នុងរឿងនេះ។
កាលពីល្ងាចថ្ងៃទី១១ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ត្រលប់ពីចិនវិញបានប្រកាសទុកពេលឲ្យសារព័ត៌មាន VOD ៧២ម៉ោង សុំទោសរាជរដ្ឋាភិបាល និងលោក ហ៊ុន ម៉ាណែត ក្រោយពីបានចុះផ្សាយព័ត៌មាននេះ។ ផុតការកំណត់រដ្ឋាភិបាលអាចនឹងប្ដឹងទៅកាន់តុលាការ៕